(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរងយោធភូមិភាគពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង តំណាងឱ្យទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាបេឡាមរណៈសង្រ្គោះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន៤លានរៀល ប្រគល់ជូនអ្នកស្រី ឌុច សំណាង ដែលត្រូវជាប្រពន្ធរបស់សពអតីតយុទ្ធជន ឈ្មោះ ឌឹម សឿន ជាជនពិការដែលទទួលមរណភាពនៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នៅក្នុង​ពិធីនោះដែរក៏មានការចូលរួមពីលោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង, លោកវរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរងលោកវរសេនីយ៍ទោ ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិក, លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិសមាគមអតីតយុទ្ធជនខេត្ត និងក្រុមការងារសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង មន្រ្តីយោធាខេត្ត កម្លាំងនគរបាលក្រុង កងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ធន ធឿន បាននាំយកនូវសាររំលែកទុក្ខ និងសំដែងនូវការសោកស្តាយយ៉ាងពន់ពេក ដែលបាត់បង់នូវសមាជិកអតីតយុទ្ធជន ដែលធ្លាប់តស៊ូរំដោះ ប្រជាជន និងរំដោះទឹកដីនាពេលកន្លងមក។ លោកឧត្តមសេនីយ៍ទោ ធន ធឿន បានពន្យល់ពីគោលការរបស់សមាគម និងផលប្រយោជន៍មួយចំនួនដែលគ្រួសារសពត្រូវទទួលបានផងដែរ។

ក្រុមគ្រួសារនៃសព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់បងប្អូនអតីតយុទ្ធជនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សូមសម្តេចតេជោទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្តទៀត៕