(សៀមរាប)៖ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានបន្ដចុះជួបសំណេះសំណាល និងផ្ដល់ប័ណ្ណបេឡាសន្ដិសុខសង្គម របស់សម្ដេចតេជោ ហ៊ុន សែន ជូនសមាជិកអតីតយុទ្ធជននៅខេត្តសៀមរាប ចំនួន៤,៥៦៥នាក់។

ពិធីដែលបានធ្វើនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅសាលាក្រុងសៀមរាប ខេត្តសៀមរាប ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។​

បន្ទាប់​ពី​មតិ​ស្វាគមន៍​​របស់​លោក ស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនខេត្ត​សៀមរាប រួចមក​លោក​ទេសរដ្ឋមន្រ្តី គន់ គីម​ បាននាំមកនូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជា​ប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា ​ជូនដល់​សមាជិកទាំងអស់​ ព្រមទាំងបានបញ្ជាក់ថា​ដោយការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោ​ ហ៊ុន សែន ​ចំពោះសមាជិក​ទើបថ្ងៃនេះ សមាជិកនៅក្នុងខេត្តសៀមរាបទទួលបានប័ណ្ណ​បេឡា​សន្តិសុខសង្គម​ សម្រាប់ការព្យាបាលជំងឺដោយមិនអស់លុយ​នៅតាមមន្ទីរពេទ្យ។​

ថ្លែងបន្ថែមលើសពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឋានៈជាអគ្គលេខាធិការសមាគម បានថ្លែងកោតសសើរ និងអរគុណចំពោះសមាជិកអតីតយុទ្ធ​ជន ​ដែលបានទៅបោះឆ្នោត​ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជន​ រហូតទទួលបានលទ្ធផលត្រចេះត្រចង់។​

ជាចុងក្រោយ លោកទេសរដ្ឋមន្ដ្រី បានផ្តាំផ្ញើឲ្យថ្នាក់ដឹក​នាំ​សមាគមអតីតយុទ្ធជន គ្រប់​ថ្នាក់​ត្រូវមើលថែ និងជួយដោះស្រាយការលំបាករបស់ សមាជិកសមាគមអតីតយុទ្ធជន ឲ្យ​បានទាន់ពេលវេលា៕​​