(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន បានបង្កជាជំនន់ទឹកភ្លៀង បណ្តាល់ឲ្យលិចផ្លូវប្រវែងជាង៨០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់លើ Facebook ផ្លូវការរបស់ខ្លួននៅយប់នេះ យ៉ាងដូច្នេះថា «ភ្លៀងមួយមេធំក្នុងកម្រិតពី ៧០-៨០ មីល្លីម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានបង្កជាជំនន់ទឹកភ្លៀងលិចផ្លូវប្រមាណ ៨០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋ ចំនួន២៣ខ្នង នៅក្នុងឃុំសាលាក្រៅ និងឃុំអូរអណ្តូង»

បើតាមក្រសួង ការជន់លិចនេះ មានរយៈពេលប្រមាណ២ម៉ោង ហើយមកដល់វេលាយប់ម៉ោង ២០៖៣០នាទីនេះ ទឹកបានស្រកចុះវិញជាបណ្តើរៗហើយដែរ៕