(ក្រចេះ)៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះផ្ដល់រង្វាន់ដល់សិស្សជាប់និទ្ទេស A ចំនួន៧នាក់ និទ្ទេស B​ ចំនួន៣៨នាក់ និងនិទ្ទេស C​ ចំនួន៧៥នាក់ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោក ពេជ្រ ប៊ុនធិន ដាស់តឿនដល់សិស្ស ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ដែលទើបកន្លងផុតថ្មីៗនេះ ត្រូវតែខិតខំប្រឹងប្រែងកសាងខ្លួនឱ្យបានល្អ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ សម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។

លោករដ្ឋមន្ត្រីបន្តថា ពិធីនេះផ្ដល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៦០០ដុល្លារអាមេរិក, សិស្សនិទ្ទេស B ចំនួន៣៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៧០ម៉ឺនរៀល, សិស្សនិទ្ទេស C ទទួលបានថវិកាក្នុងម្នាក់ៗ ចំនួន៥០ម៉ឺនរៀល, ផ្តល់ដល់មន្ទីរអប់រំខេត្តក្រចេះ ចំនួន៥លានរៀល និងវិទ្យាល័យទាំង១០ ក្នុងមួយវិទ្យាល័យទទួលបាន៥០ម៉ឺនរៀល។

សូមជម្រាបថា ដែលឧបត្ថម្ភដល់សិស្សពូកែទាំងនេះ បានមកពីសប្បុរសជន ដែលមានរាយនាម ដូចតទៅ៖ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ៧លានរៀល, លោក ពេជ្រ ប៊ុនធិន ១០លានរៀល, លោក សរ ចំថ្ងៃ សមាជិករដ្ឋសភា ១,០០០ដុល្លារ, លោកស្រី ត្រឹងថាវី សមាជិករដ្ឋសភា ១លានរៀល, លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ១,០០០ដុល្លារ, លោក ខៀវ ច័ន្ធប៊ុនធឿន ២លានរៀល, លោក ដារ៉ាមុន្នី ២លានរៀល, លោកស្រី ស៊ុន សាភឿន សមាជិករដ្ឋសភា ១លានរៀល។

ក្រៅពីសប្បុរសជនខាងលើនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះបានឧបត្ថម្ភថវិកា២៨លានរៀល និងមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក ២៧លាន៨០ម៉ឺនរៀល និង១,០០០ដុល្លារផងដែរ៕