(ភ្នំពេញ)៖ សាកលវិទ្យាល័យន័រតុន (NORTON University) បានរៀបចំពិធីពាក់មេដាយកិត្តិយសជូនដល់សាស្ដ្រាចារ្យ និងនិស្សិត ដែលបានចូលរួមការប្រកួតប្រជែងស្នាដៃនិស្សិតជាលក្ខណៈអន្ដរជាតិ ឆ្នាំ២០១៨ ផ្នែកវិស្វកម្មអេឡេត្រូនិច អគ្គិសនី និងផ្នែកវិស្វកម្មកុំព្យូទ័រ ដែលនេះបង្ហាញពីការរីកចម្រើនមួយផ្នែកបច្ចេកវិទ្យាសម្រាប់កម្ពុជា ដែលមាននិស្សិតឆ្នើមទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

ពិធីបំពាក់មេដាយជូនដល់ សាស្ដ្រាចារ្យ ​និងនិស្សិត ដែលបានទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិនេះ ធ្វើឡើងនៅសាកលវិទ្យាល័យន័រតុន (NORTON University) នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការចូលរួមពី លោក អ៊ុង វណ្ណធឿន នាយករងនៃសាកលវិទ្យាល័យន័រតុន រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។

នាឱកាសនោះ លោក អ៊ុង វណ្ណធឿន ក៏បានលើកឡើងថា «នេះជាស្នាដៃដ៏ធំមួយសម្រាប់សាកលវិទ្យាយន័រតុន ផ្នែកវិស្វកម្ម អេឡេត្រូនិច អគ្គិសនី និងផ្នែកកុំព្យូទ័រវិជ្ជា នៅឆ្នាំ២០១៨នេះ»

ជាមួយគ្នានេះដែរ នាយករងសាកលវិទ្យាល័យន័រតុនរូបនោះ ក៏បានផ្ដាំផ្ញើទៅលោកគ្រូ-អ្នកគ្រូ និងនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបង្កើនគុណភាព នៃការអប់រំ ដើម្បីប្រកួតប្រជែង ជាមួយប្រទេសដទៃទៀត ក្នុងឆាកអន្ដរជាតិបន្តទៀត។

ក្រៅពីនេះលោក អ៊ុង វណ្ណធឿន ក៏ថ្លែងអំណអគុណ ចំពោះ លោកគ្រូ-អ្នកគ្រូ និងនិស្សិត នៅសាកលវិទ្យាយន័រតុនទាំងអស់ ដែលបានខិតខំប្រឹងប្រែង ការងារអស់សមត្ថភាព ដើម្បីធ្វើយ៉ាងណាឲ្យ និស្សិតបានចូលរួមប្រកួតប្រជែងយកស្នាដៃជូនជាតិ ដែលទាំងអស់នេះក៏ជាមុខមាត់ប្រទេសមួយសម្រាប់កម្ពុជារបស់យើង។

សាកលវិទ្យាល័យន័រតុន (NORTON University) ត្រូវបានមហាជនទទួលស្គាល់ថា ជាសាកលវិទ្យាល័យដែលឈានមុខគេមួយនៅកម្ពុជា ទាំងគុណភាព និងការអប់រំ។

សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០១៨នេះ សកលវិទ្យាល័យន័រតុន បានបញ្ជូននិស្សិត ផ្នែកវិស្វកម្មអេឡេត្រូនិច អគ្គិសនី និងផ្នែកកុំព្យូទ័រវិជ្ជា ឲ្យទៅចូលរួមប្រឡងប្រកួតប្រជែងកំរិតអន្ដរជាតិចំនួន៣លើករួមមាន៖

លើកទី១៖ ចូលរួមប្រឡងកំរិតអន្ដរជាតិ នៅម៉ាឡេស៊ី មាន១៦ប្រទេសបានចូលរួម ក្នុងនោះ ផ្នែកវិស្វកម្មអេឡេត្រូនិច អគ្គិសនី បានមេដាយមាស១ ,មេដាយប្រាក់១ ,ពានរង្វាន់ពិសេសតៃវ៉ាន១ ,ពានរង្វាន់ពិសេសកូរ៉េ១។ ផ្នែកកុំព្យូទ័រវិជ្ជា ទទួលបានមេដាយ លំដាប់ខ្ពស់១, មេដាយល្អបំផុត១, មេដាយមាស១, លិខិតសសើរពីថៃ១, មេដាយប្រាក់១, មេដាសំរិទ្ធ១។

លើកទី២៖ ចូលរួមប្រឡងកំរិតអន្ដរជាតិ នៅរ៉ូម៉ាននី មាន៣៣ប្រទេសបានចូលរួមក្នុងនោះ ផ្នែកវិស្វកម្មអេឡេត្រូនិច អគ្គិសនី ទទួលបានមេដាយមាស១ និងពានរង្វាន់ពិសេសមួយចំនួនផងដែរ។

លើកទី៣៖ ចូលរួមប្រឡងកំរិតអន្ដរជាតិនៅកូរ៉េ មាន២១ប្រទេសបានចូលរួម ក្នុងនោះ ផ្នែកវិស្វកម្មអេឡេត្រូនិច អគ្គិសនី ទទួលបានមេដាយមាស១, មេដាយមាសពិសេសពីតៃវ៉ាន់១, មេដាយមាសពិសេសពីម៉ាកាវ១, ពានរង្វាន់ពិសេស ពីឥណ្ឌា១, ពានរង្វាន់ពិសេសពីវៀតណាម១៕