(ពោធិ៍សាត់)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចូលទៅពិនិត្យការអនុវត្តជាក់ស្តែង និងវឌ្ឍនភាពនៃការពិសោធន៍ស្រែបង្ហាញ ក្នុងកសិដ្ឋានផលិតពូជស្រូវហាយប្រីដ របស់ក្រុមហ៊ុន ហាយប្រីដ រ៉ាយស៍ លៀនហ្វា នៅភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ក្នុងទឹកដីខេត្តពោធិសាត់។

បច្ចុប្បន្នក្រុមហ៊ុនបានវិនិយោគ លើផ្ទៃដីជាង ២០០ហិចតា សម្រាប់ធ្វើការផ្សាំពូជស្រូវហាយប្រីដ និងពូជស្រូវកន្តុល ការធ្វើស្រែបង្ហាញ ស្រាវជ្រាវ និងដាំកប្បាសផងដែរ ក្រៅពីនេះក្រុមហ៊ុនបានសាងសង់អាគាររដ្ឋបាល អាគារស្នាក់នៅ ឃ្លាំងស្តុកស្រូវពូជ រួមទាំងរោង ចក្រកាត់ដេរសំលៀកបំពាក់មួយទៀតផង។ ក្រុមហ៊ុមកំពុងស្រាវជ្រាវពូជស្រូវស៊ុបផើហាយប្រីដរ៉ាយស៍ ដែលផ្តល់ទិន្នផលខ្ពស់ មានដើមរឹង ធន់ជំងឺ និងការបម្រែបម្រួលអាកាសធាតុ។

រដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗជាច្រើន ដែលក្រុមហ៊ុនសម្រេចបានកន្លងមក ដែលសមិទ្ធផលទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីការចូលរួមពីវិស័យឯកជន ក្នុងការវិនិយោគដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មកាត់ដេរ រួមទាំងវិស័យកសិកម្មផងដែរ ដើម្បីរួមចំណែកបង្កើតការងារ ជូនពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រីបានសន្យាថា នឹងបន្តផ្តល់កិច្ចសហការ និងគាំទ្រលើសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដើម្បីផលិត ពូជស្រូវសុទ្ធល្អ មានទិន្នផលខ្ពស់ និងមានតម្រូវការទីផ្សារ ប្រយោជន៍បង្កើនផលិតកម្មដំណាំស្រូវ ឈានទៅធ្វើការនាំចេញស្រប តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា តបតាមការអញ្ជើញលោករដ្ឋមន្រ្តី និងប្រតិភូក្រសួង នឹងទៅធ្វើទស្សនកិច្ចក្រុមហ៊ុម នៅប្រទេសចិនក្នុងពេលឆាប់ៗនេះ ដើម្បីពិនិត្យ និងស្វែងយល់លើការងារស្រាវជ្រាវ កែច្នៃ ឡសម្ងួត និងការធ្វើកសិកម្មតាមកិច្ចសន្យារបស់ក្រុមហ៊ុន។ បន្ទាប់ពីដំណើរទស្សនកិច្ច ក្រសួងនិងក្រុមហ៊ុននឹងរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍផលិតកម្មពូជស្រូវហាយប្រីដនេះ៕