(ព្រះសីហនុ)៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់អំពីតម្រូវការ នៃការស្នាក់នៅបែបប្រណិត ក្នុងក្រុងព្រះសីហនុ ដែលមិនទាន់ឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ដែលកំពុងមានសន្ទុះកើនឡើងខ្លាំង ខណៈបច្ចប្បន្នខេត្តនេះ អាចទាក់ទាញភ្ញៀវទេសចរបានប្រមាណ១សែននាក់ កើនឡើង១៦% ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ។

លោក តាំង សុចិត្រ គ្រីស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ បានលើកឡើងបែបនេះ ក្នុងពិធីសម្ភោធជាផ្លូវការ នៃសណ្ឋាគារលំដាប់ផ្កាយ៥ Prince Time Hotel នៅថ្ងៃទី២២ ខែកញ្ញានេះ នៅក្រុងព្រះសីហនុ។

លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុ ទាមទារឲ្យមានការវិនិយោគបន្ថែមទៅលើកន្លែងស្នាក់នៅបែបប្រណិតឲ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោកបន្ថែមថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ បានកើនជាមធ្យម១០ភាគរយ ក្នុង១ឆ្នាំ ដែលបានធ្វើឲ្យតម្រូវការក្នុងផ្នែកទេសចរណ៍ បានកើនឡើងខ្ពស់ ដោយទាមទារឲ្យមានការបំពេញបន្ថែម ដែលក្នុងនោះរួមមាន៖ បដិសណ្ឋារកិច្ច, អាហារដ្ឋាន, និងសណ្ឋាគារប្រណិតៗបន្ថែមទៀតផងដែរ។ ជាក់ស្ដែងវត្តមានរបស់សណ្ឋាគារលំដាប់ផ្កាយ៥ Prince Time Hotel នេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង បម្រើដល់ការងារវិស័យទេសចរណ៍កម្ពុជា និងបានផ្ដល់ឱកាសការងារ ជាច្រើនដល់ពលរដ្ឋ ក្នុងខេត្តជាច្រើនកន្លែងផងដែរ»

លោក ឈីវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានលើកឡើងថា សណ្ឋាគារព្រីនស៍ ថាម ហូថេល ជាសណ្ឋាគារលំដាប់ផ្កាយ៥ កម្ពស់១៨ជាន់ ដែលមានសេវាកម្មល្អឥតខ្ចោះ រួមទាំងបន្ទប់ដ៏ប្រណិតចំនួន ១៩៧បន្ទប់ ដែលត្រូវបានតុបតែងតាមបែបខ្មែរ។

លោកប្រធានប្រតិបត្តិបានបញ្ជាក់ថា បន្ទប់នីមួយៗពោរពេញទៅដោយភាពស្រស់ស្អាត, ទំនើប, និងផាសុខភាព ហើយបន្ទប់ជាន់ខ្ពស់អាចទទួលបានភាពរីករាយ និងសម្រាកលំហែ ដោយទស្សនាទេសភាពដ៏ស្រស់បំព្រងនៃឆ្នេរសមុទ្រ ក៏ដូចជាទិដ្ឋភាពដ៏ស្រស់ស្អាត និងព្រមទាំងមានហាងហែលទឹក ក្លឹបហាត់ប្រាណ ចំណត Helicopter និងភោជនីយដ្ឋានប្រណិត បែបចិន និងអឺរ៉ុប លក្ខណៈVIP ផងដែរ។

លោក Li Min អគ្គនាយកក្រុមហ៊ុន Prince Real Estate Group បានបញ្ជាក់ថា ក្រុមហ៊ុន Prince Real Estate Group នឹងពង្រីកសណ្ឋាគារចំនួន១៥កន្លែង ជាបន្តបន្ទាប់ទៀតក្នុងខេត្តក្រុងទាំង១៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះខេត្តព្រះសីហនុ មានគម្រោងវិនិយោគធំៗចំនួន២ កំពុងមានវត្តមាននៅក្នុងខេត្តនេះ ដោយគម្រោងទី១ សម្ពោធន៍ជាផ្លូវការហើយ និងសណ្ឋាគារព្រីនស៍ ខូលីណឹន បេ លំដាប់ផ្កាយប្រាំពីរ ទើបតែប្រកាសចាប់ផ្តើមសាងសង់នៅដើមខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។

គួរបញ្ជាក់ថា សណ្ឋាគារព្រីនស៍ ថាម ហូថេល ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និងគ្រប់គ្រងប្រតិបត្តិការដោយក្រុមហ៊ុន ព្រីនស៍ ថាម ហូថេល មេនេចមេន ដោយគម្រោងនេះ ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីប្រមាណ ២ម៉ឺន៩ពាន់ម៉ែត្រការ៉េ ស្ថិតនៅទីតាំងផ្លូវឯករាជ្យ ក្រុងព្រះសីហនុ៕