(ព្រះវិហារ)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ និងមន្ត្រីអាវុធហត្ថជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះប្រគល់ផ្ទះ១ខ្នង ដែលសាងសង់អំពីឈើប្រក់ស័ង្កសី ជូនដល់ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារផងនោះ ក្រៅពីតួនាទីភារកិច្ចស្នូល ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តាមទីតាំងឈរជើង កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បានចូលរួមចំណែកក្នុងកិច្ចការសង្គមជាច្រើន មិនតែប៉ុណ្ណោះ បានរួមសហការគ្នាជួយសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ បានជាច្រើនខ្នងផងដែរ។

លោកថា ជាក់ស្តែងថ្ងៃនេះ លោកបានប្រគល់ផ្ទះមួយខ្នង ដែលសាងសង់អំពីឈើប្រក់ស័ង្កសី ដែលមានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ដោយចំណាយថវិកា សាងសង់អស់ ៦,៣០០,០០០រៀល ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រខាងលើនេះ។

ក្រៅពីការប្រគល់ផ្ទះ១ខ្នង ជូនគាត់ លោកក៏បានប្រគល់សម្ភារៈមួយចំនួន រួមមាន៖ ថវិកា២០ម៉ឺនរៀល អង្ករ២បេ ទឹកត្រី១យួរ ទឹកសុទ្ធ៨កេស មី៤កេស ទឹកក្រូច១យួរ ទឹកផ្លែឈើ៤កេស ចាន១០ សារុង១០ និងនំចំនួន ២ធុងផងដែរ ហើយថវិកា និងសម្ភារៈទាំងអស់នេះ បានមកពីការចូលរួមចំណែក បរិច្ចាគពីមន្ត្រីអាវុធហត្ថ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌៕