(បាត់ដំបង)៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ គឺជាថ្ងៃទី៣ នៃដំណើរបេសកកម្មរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី អមដំណើរដោយសហការី និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម បានបន្តចុះពិនិត្យការងារបង្កបង្កើនផល និងវាយតម្លៃពីផលប៉ះពាល់ខូចខាត ដែលបណ្តាលមកពីគ្រោះធម្មជាតិ នៅត្រង់ចំណុចអូរតាសាម ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមសេចក្តីរាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថាដីស្រែចំនួនជា៣ម៉ឺនហិចតា ត្រូវបានខូចខាតទាំងស្រុង ក្នុងនោះការខូចខាតដោយទឹកជំនន់មានប្រមាណជាង១៣ពាន់ហិចតា និងរាំងស្ងួតជាង១៧ពាន់ហិចតា ដែលបានកើតឡើងនៅស្រុកឯកភ្នំ ស្រុកថ្មគោល ស្រុកសង្កែ ស្រុកបវេល ស្រុកមោងឬស្សី ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ ស្រុកកំរៀង និងស្រុកសំពៅលូន។

ចំពោះដំណាំកសិឧស្សាហកម្មនៅទូទាំងខេត្ត រួមមាន ពោត ដំឡូង សណ្តែក និងម្រេច បានទទួលរងការខូចខាត ដោយគ្រោះធម្មជាតិ មានសរុបប្រមាណជាង៣ពាន់ហិចតា ក្នុងនោះដោយទឹកជំនន់ជាង១ពាន់ហិចតា និងគ្រោះរាំងស្ងួតជាង ២ពាន់ហិចតា។

ដោយឡែកនៅស្រុកសង្កែ ដែលលោករដ្ឋមន្រ្តីបានពិនិត្យផ្ទាល់នេះ មានផ្ទៃដីស្រូវឡើងទឹកនៅតំបន់ពីរ នៃបឹងទន្លេសាបប្រមាណជាង៦ពាន់ហិចតា បានទទួលរងការខូចខាត ដោយជំនន់បឹងទន្លេសាប៕