(ភ្នំពេញ)៖ ជាការកោតស្ងប់ស្ងែងដ៏ខ្លាំងបំផុតចំពោះលោកអនុសេនីយ៍ទោ នៅ បូរិន ជាមន្ត្រីនគរបាលប៉ុស្តិ៍កាកាប១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានលះបង់កម្លាំងកាយ-ចិត្ត និងអាយុជីវិតរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិខ្មែរ។

ទន្ទឹមនឹងការស្ងប់ស្ងែង និងដើម្បីតបស្នងនូវការលះបង់ដ៏ធំធេងនេះ នាព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្ដិបច្ឆាមរណៈ ជូនសពលោក នៅ បូរិន ជាមួយនឹងសមានចិត្តរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត។

ការទទួលមរណភាពរបស់លោកអនុសេនីយ៍ទោ នៅ បូរិន គឺបណ្ដាលមកពីដួលដាច់សរសៃឈាម ខណៈលោកកំពុងឈរសម្រួលចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍ដែលលោកទទួលមរណភាពនេះ កើតឡើងនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចូលបច្ច័យបុណ្យសពចំនួន ១០លានរៀល, លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចំនួន១លានរៀល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន២លានរៀល ជាមួយនឹងការចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពផងដែរ។

ថវិកាទាំងអស់នោះ ត្រូវបានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ យកទៅប្រគល់ជូនគ្រួសារសព ព្រមជាមួយថវិកាផ្ទាល់ខ្លួន ១លានរៀលផងដេរ ក្នុងពេលលោកចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក អនុសេនីយ៍ទោ នៅ បូរិន ក្នុងនាមតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សូមជម្រាបថា លោកអនុសេនីយ៍ទោ នៅ បូរិន មានអាយុ៥០ឆ្នាំ មានតួនាទីជាមន្រ្តីនគរបាលទទួលបន្ទុកផ្នែកចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ រស់នៅ ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ៕