(បន្ទាយមានជ័យ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះប្រគល់ម៉ូតូដល់សិស្សជាប់និទ្ទេស A ចំនួន១៣នាក់ ក្រៅពីនេះ​ ក៏បានប្រគល់រង្វាន់ផ្សេងៗ ដល់សិស្សនិទ្ទេស B​ ចំនួន៨៨នាក់​ និងនិទ្ទេស C​ ចំនួន១៩១នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ។

បន្ថែមពីនេះលោក ស សុខា ក៏បានដាស់តឿនដល់សិស្សដែលបានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ដែលទើបកន្លងផុតថ្មីៗនេះ ដែលទើបទទួល បានជោគជ័យទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងកសាងខ្លួនឱ្យបានល្អ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ សម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។

លោក ស សុខា ក៏បានក្រើនរំលឹកដល់ប្អូនៗ ដែលទើបជាប់ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ ទាំងអស់មិនត្រូវភ្លេចគុណលោកគ្រូ អ្នកគ្រូ យ៉ាងហោចណាស់ត្រូវនាំគ្នា ទៅសួរសុខទុក្ខ និងថ្លែងអំណរគុណដែលបានបង្រៀនពួកយើងទាំងអស់គ្នា ជាពិសេសគ្រាន់នាំអំណោយកំដរដៃបន្តិចបន្តួចទៅជូនគាត់ ក៏គាត់សប្បាយចិត្តផងដែរ។

លោកបានបន្ថែមទៀតថា លោកគ្រូ អ្នកគ្រូ បានចំណាយពេលវេលាលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់នូវចំណេះដឹងដល់កូនសិស្ស រហូតទទួលបានលទ្ធផលដូចពេលនេះ ជាមួយគ្នានេះលោកក៏បានជំរុញ និងលើកទឹកចិត្តដល់ប្អូនៗបន្តខិតខំប្រឹងប្រែងសិក្សាស្វែងយល់បន្ថែមទៀត ដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងប្រទេសជាតិទាំងមូលផងដែរ។

លោក ស សុខា បានបញ្ជាក់ថា ចំពោះអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន វិញលោកសន្យាថា នឹងបន្តរហូតដល់១០ឆ្នាំទៅមុខទៀត ក៏ប៉ុន្តែប្អូនៗដែលត្រូវបន្តសិក្សានៅប្រទេសចិន ត្រូវតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ដើម្បីយកជំនាញចំណេះទាំងនេះមកអភិវឌ្ឍនៅកម្ពុជាផងដែរ។

ក្រសួងអប់រំបញ្ជាក់ថា លទ្ធផល នៃការប្រឡងសញ្ញាបត្របាក់ឌុបប្រែប្រួល ដោយចំនួនអ្នកជាប់កើតឡើងដល់៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕