(ចិន)៖ នៅក្នុងសន្និបាតបញ្ញាសិប្បនិម្មិត ពិភពលោក ប្រចាំឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅឯប្រទេសចិន គេបានបង្ហាញត្រួសៗ ឱ្យឃើញពីឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលទំនើប និងថាតើបច្ចេកវិទ្យានេះ នឹងកំណត់អនាគតនៃទីក្រុងឆ្លាតវៃដោយរបៀបណា។ គេក៏បានបង្ហាញអំពីតួនាទីរបស់បច្ចេកវិទ្យានេះ នៅក្នុងបណ្តាញឧបករណ៍ដែលអាចភ្ជាប់អ៊ីនធើណេតបានផងដែរ។

ព្រឹត្តិការណ៍រយៈពេលបីថ្ងៃ ដែលបានធ្វើឡើងនៅឯទីក្រុងសៀងហៃនេះ មានការចូលរួមពីអ្នកជំនាញ បញ្ញាវន្ត និងសហគ្រិនជាច្រើននាក់ មកពីជិត៤០ប្រទេស ព្រមទាំងក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលឈានមុខគេ ជាង២០០ក្រុមហ៊ុន ផងដែរ។

លោក លូ យ៉ុងឈីង សាស្ត្រាចារ្យមកពីរាជបណ្ឌិតសភាវិស្វកម្មរបស់ប្រទេសអង់គ្លេស និយាយថា ស្ថាប័នរបស់លោកកំពុងសហការជាមួយអាជ្ញាធរខ័ណ្ឌ ភូតុង នៃក្រុងសៀងហៃ ដើម្បីគ្រប់គ្រងការចាក់សំរាមដែលខុសច្បាប់ ឱ្យបានកាន់តែមានប្រសិទ្ធភាព។

លោក លូ យ៉ុងឈីង សាស្ត្រាចារ្យមកពីរាជបណ្ឌិតសភាវិស្វកម្មរបស់ប្រទេសអង់គ្លេស និយាយថា «ជាក់ស្តែង យើងបានដាក់បន្ទះឈីប បញ្ញាសិប្បនិម្មិត មួយ ទៅក្នុងកាមេរ៉ា ដើម្បីអាចមើលផ្លូវជាច្រើនផ្សេងៗគ្នា។ ការងារសំខាន់របស់កាមេរ៉ាទាំងនោះ គឺថតយករូបភាពឡានដឹកសំរាមធំៗ ឬឡានធំទាំងឡាយណា ដែលអាចដឹកសំរាម។ អញ្ជឹង នៅពេលដែលឡានប្រភេទនេះ ជិះកាត់កាមេរ៉ារបស់យើង កាមេរ៉ានោះនឹងថតរូបឡាននោះ ដូចជាថតផ្លាកលេខជាដើម ដើម្បីឱ្យដឹងថា ឡាននោះ ជារបស់អ្នកណា»។

បើយោងតាមរបាយការណ៍ របស់មូលនិធិស្រាវជ្រាវដើម្បីការអភិវឌ្ឍចិន សហគ្រាសខ្លះដែលត្រូវការប្រើមនុស្សច្រើននាក់ បានយកម៉ាស៊ីនស្វ័យប្រវត្តិ ឱ្យមកធ្វើការជំនួសមនុស្ស ប្រមាណ៣០ភាគរយទៅហើយ នៅទូទាំងប្រទេស។

ប៉ុន្តែ បើទោះជាម៉ាស៊ីនឆ្លាតវៃ ចូលមកជំនួសការងាររបស់មនុស្សក៏ដោយ ក៏មនុស្សនៅតែមានការងារដែលត្រូវធ្វើដដែល។ នេះបើយោងតាមលោក ប៊ីល ដាលី ជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រ និង ជាអនុប្រធានក្រុមហ៊ុនផលិតបន្ទះឈីប អ៊ែនវីឌៀរ (NVIDIA)។

សុន្ទរកថា លោក ប៊ីល ដាលី ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ និង អនុប្រធានក្រុមហ៊ុនផលិតបន្ទះឈីប អ៊ែនវីឌៀរ (NVIDIA) និយាយថា «សព្វថ្ងៃ គេច្រើនតែប្រើបច្ចេកវិទ្យា អេអាយ ដើម្បីការងារផ្នែកគិតគូរប៉ុណ្ណោះ ដូចជាធ្វើឱ្យកុំព្យូទ័រចេះមើល ចេះស្គាល់វត្ថុផ្សេងៗ ចេះស្តាប់និងយល់ភាសាមនុស្ស ចេះស្គាល់តំណរDNA ហើយបកប្រែតំណរនោះ ទៅជាតំណរមួយ ក្នុងទម្រង់ផ្សេង។ អេអាយ មិនមែនចូលមកដើម្បីដកការងារពីមនុស្សនោះទេ។ មែនទែនទៅ វាចូលមកដើម្បីធ្វើជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ជួយដល់ខួរក្បាលរបស់មនុស្ស។ គឺដូចជា ជាងសំណង់ ប្រើឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់សង់ផ្ទះឱ្យបានកាន់តែឆាប់ហើយ អញ្ជឹងដែរ»៕ (សារព័ត៌មាន CCTV របស់ចិន)