(ចិន)៖ ការពង្រីកចំណងការទូតរបស់ប្រទេសចិនជាមួយបរទេស និងការពង្រីកការអភិវឌ្ឍរបស់ខ្លួន ទៅទូទាំងពិភពលោក បានផ្តល់ឱកាសជាច្រើនដល់អ្នកជំនួញ ដើម្បីចែករំលែកគំនិតយោបល់ឱ្យគ្នាទៅវិញទៅមក និងរីកចម្រើនទៅមុខ។

ជាអ្នកជំនួញជនជាតិម៉ាឡេស៊ីម្នាក់ លោក កក់ ចិតហុក គឺជាអ្នកលក់ត្បូងដ៏ចំណាន និងមានបទពិសោធន៍១៥ឆ្នាំ មកហើយលើមុខរបរនេះ នៅក្រុង អ៊ីវូ ខេត្តជឺជាំង ប៉ែកខាងកើតប្រទេសចិន។

គាត់គឺជាមនុស្សម្នាក់ ក្នុងចំណោមអ្នកផ្គត់ផ្គង់ត្បូងដ៏ច្រើនបំផុតប្រចាំទីក្រុងនេះ។ គាត់និយាយថា អ្នកជំនួញបរទេសភាគច្រើនរួមទាំងគាត់ដែរ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន ដែលមានបំណងចង់ពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក។

លោក កក់ ចិតហុក អ្នកជំនួញជនជាតិម៉ាឡេស៊ី និយាយថា «នៅប្រទេសចិន គេមានពាក្យចាស់មួយដែលពោលថា ធ្វើផ្លូវ គឺជាជំហានទីមួយដើម្បីក្លាយជាអ្នកមាន។ នៅពេលដែលខ្ញុំគិតពីគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ខ្ញុំតែងតែនឹកដល់បណ្តាញហេដ្ឋារចនាសម្ព័ន្ធដែលល្អជាងមុន និងលំហូរអាជីវកម្មដែលរលូនជាងមុន។ ប៉ុន្តែ រឿងនេះ មិនមែនមានតែប្រទេសចិនម្នាក់ឯងទេ ដែលទទួលបានផលប្រយោជន៍។ គឺប្រទេសឯទៀតដែលចូលរួម ក៏នឹងទទួលបានអត្ថប្រយោជន៍ច្រើនដែរ»

ក្នុងអំឡុងពេល៣ឆ្នាំកន្លងមកនេះ លោក កក់ និងអ្នកជំនួញបរទេសផ្សេងទៀត បានខិតខំយ៉ាងខ្លាំងដើម្បីសម្របខ្លួនឱ្យចូលជាមួយសហគមន៍ចិន និងដើម្បីក្លាយជាផ្នែកមួយនៃសង្គមក្នុងប្រទេសចិន។

លោក កក់ ចិតហុក អ្នកជំនួញជនជាតិម៉ាឡេស៊ី និយាយថា «ក្លឹបសប្បុរសធម៌ថ្ងៃរះរបស់យើង បានកៀងគរសមាជិកជាសប្បុរសជនបាន១១០នាក់ហើយ ចាប់តាំងពីពេលបង្កើតក្លឹបដំបូង កាលពីឆ្នាំ២០១៥។ យើងបានរៀបចំកម្មវិធីសប្បុរសធម៌ជាង១៥០កម្មវិធីរួចមកហើយ ដោយរៃអង្គាសថវិកាបានជាង១សែន៣ម៉ឺន១ពាន់ដុល្លារអាមេរិក ដើម្បីបរិច្ចាគឱ្យជនក្រីក្រប្រហែល៣ពាន់នាក់»។

លោក អូស្កាន់ ស៊ីហ្ស័រ អ្នកជំនួញជនជាតិ តួគី និយាយថា «ការងារសប្បុរសធម៌ គឺជារឿងសំខាន់ណាស់ ក្នុងការរកស៊ី ពីព្រោះយើងមិនមែនរកលុយដើម្បីតែខ្លួនឯងប៉ុណ្ណោះទេ តែយើងក៏គួរបង្ហាញឱ្យគេឯងបានឃើញដែរ នៅពេលយើងធ្វើជំនួញ។ យើងគួរចែករំលែកជោគជ័យ លុយកាក់ និងសេចក្តីសុខដែលយើងមាន ជាមួយអ្នកដទៃដែរ»

អ្នកជំនួញទាំងពីរនាក់ សង្ឃឹមថាក្លឹបសប្បុរសធម៌ថ្ងៃរះ របស់ពួកគេ នឹងអាចធ្វើជាគំរូដ៏ល្អមួយ ដល់ទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេសចិន ដែលសហគមអ្នកជំនួញបរទេស អាចជួយបង្កើតចំណងទំនាក់ទំនងដ៏យូរអង្វែងជានិរន្តរ៍ នៅតាមបណ្តាប្រទេស ដែលពួកគេធ្វើជំនួញ៕ (សារព័ត៌មាន CCTV របស់ចិន)