(រតនគិរី)៖ កម្លាំងអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៦នាក់ ករណីប្រើប្រាស់រក្សាទុក និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀននៅទីតាំង២កន្លែងផ្សេងគ្នា។

លោកវរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរងទទួលផែនយុត្តិធ៌ម បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការខាងលើនេះ ទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ អ.ហ ខេត្តរតនគិរី។

លោកវរសេនីយ៍ឯក កង សារ៉េត ប្រាប់បន្តថា ប្រតិបត្តិការនៅស្រុកបរកែវ កម្លាំងលោកសហការជាមួយកម្លាំង អ.ហ មូលដ្ឋានស្រុកបរកែវ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅចំណុចភូមិគ្លិះឃុំសើងទី១-ឈ្មោះ រហ្វែក សារី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលំជ័រ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ, ទី២-ឈ្មោះ សារី សាមីនី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង និងទី៣-ឈ្មោះ លេង ប៊ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរមៀត សង្កាត់បឹងកន្សែង ក្រុងបានលុង។

លោកមេបញ្ជាការរង អ.ហ រូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ប្រតិបត្តិការនៅក្រុងបានលុង មានការសម្របសម្រួល និងដឹកនាំផ្ទាល់ពីសំណាក់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី កាលពីវេលាម៉ោង១៤៖១០នាទី ថ្ងៃទី២១ ខែកញ្ញា ដោយឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ យ៉ែម ដាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចផ្ទះជួលភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង។

នៅវេលាម៉ោង១៥៖១៥នាទី ឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿន បូរិទ្ធ(ហៅដំបង) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនគរបាលក្រុងបានលុង ត្រង់ចំណុចផ្ទះជួលភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង និងឈ្មោះគឹម រតនា (ហៅវិត) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ (អ្នកទាំង៦នាក់នេះ ធ្វើតេស្តទឹកនោមវិជ្ជមា(+)។

វត្ថុតាងរួមមាន៖ ម្សៅក្រាមព៌ណសថ្លាចំនួន១២កញ្ចប់ទំងន់៤០,៤០ក្រាម (ថ្លឹងទាំងសំបកថង់), ថ្នាំញៀនប្រភេទគ្រាប់ WY ចំនួន៤២គ្រាប់ ទំងន់៤,១៥ក្រាមសរុបទំងន់៤៤,៥៤ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង, ទូរស័ព្ទដៃចំនួន២គ្រឿង, ម៉ូតូចំនួន៣គ្រឿង, ប្រាក់រៀលចំនួន២៩,៣០០០, លោហៈធាតុព៌ណលឿងខ្សែកចំនួន១ខ្សែ, បន្តោងចំនួន១, ចិញ្ជៀនចំនួន១វង់, កាបូបចំនួន១ និងសម្ភារសេពគ្រឿងមួយចំនួន។

លោកវរសេនីយ៍ឯក កង សារ៉េត បន្ថែមឲ្យដឹងទៀតថា បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋាន អ.ហ ខេត្ត រហូតដល់ព្រឹកថ្ងៃទី២៣ ខែកញ្ញា ទើបបញ្ជូនខ្លួនទៅសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់៕