(ត្បូងឃ្មុំ)៖ ដោយមើលឃើញពីការលំបាក និងជីវភាពខ្វះខាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋជាជនចាស់ជរានោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយនិងសប្បុរសជនមាន លោកស្រី ម៉ៅ មុំ, ឧកញ៉ាទ្រី ភាព, និងលោកស្រី កែវ វង្ស សៀក ប្រធានក្រុមហ៊ុន SK កែសម្ភស្ស អ៊ីវ៉ុល និងលោកស្រី ជួប វ៉ារី ឧកញ្ញ៉ា សូ សេត បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋចាស់ជរា ចំនួន១២០គ្រួសារ ដែលមានជីវភាពខ្វះខាត នៅភូមិជៀស២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មានមតិសំណេះសំណាលនាឳកាសនោះ លោកស្រី ម៉ៅ មុំ បានឲ្យដឹងថា អំណោយទាំងនេះ គឺជាទឹកចិត្តសប្បុរសជននានា បានមូលមតិគ្នាដើម្បីប្រមូលថវិកា និងគ្រឿងបរិភោគឧបភោគមួយចំនួន មកចែកជូនប្រជាពលរដ្ឋដែលមានវ័យចាស់ជរា មានជីវភាពខ្វះខាត មិនអាចប្រកបរបរទទួលទាន ដើម្បីចិញ្ចឹមជីវិតបាននោះ។

ក្នុងឱកាសនោះដែរ លោក លី ឡេង បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ និងបានផ្តល់នូវធនធានមួយចំនួន ដល់ប្រជាពលរដ្ឋចាស់ជរា ដែលមានជីវភាពខ្វះខាតនាពេលនេះ។

ដោយសាររដូវនេះ ជារដូវទឹកជំនន់ មានភ្លៀងធ្លាក់ និងអាចមានខ្យល់កន្រ្តាក់ ក្នុងនាមអាជ្ញាធរខេត្ត លោក លី ឡេង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមថែរក្សាសុខភាព ត្រូវយកចិត្តទុកដាក់មើលថែរក្សាកូនតូចៗ ឲ្យបានល្អប្រសើរ និងត្រូវអនុវត្តតាមទិសស្លោកទាំង ៣គឺ៖ ផឹកស្អាត ហូបស្អាត រស់នៅស្អាត ដើម្បីទទួលបានសុខភាពល្អ ចៀសឆ្ងាយពីជំងឺតម្កាត់ និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

សូមបញ្ជាក់ដែរថា អំណោយចែកជូនប្រជាពលរដ្ឋចាស់ជរា ចំនួន១២០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១ដុំ, ប្រេងឆា១ដប, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ប៊ីចេងកញ្ចប់, ក្រមា១ និងថវិកា ១០ម៉ឺនរៀល។ ចំណែកឯលោកគ្រូ-អ្នកគ្រូ ២០នាក់ ម្នាក់ៗទទួលបាន ទឹកសាប៊ូអនាម័យ១ដប ក្រមា១ និងថវិការ១០ម៉ឺនរៀល និងសិស្សានុសិស្សចំនួន ៣០០នាក់ ម្នាក់ៗទទួលបាន សៀវភៅ ប៊ិច ខ្មៅដៃ និងថវិកា ១ម៉ឺនរៀលផងដែរ៕