(ភ្នំពេញ)៖​ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ​រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ តំណាងសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកពិពរណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូប អាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី១៨ នៅមជ្ឈមណ្ឌលសន្និបាទ និងពិពរណ៍កោះពេជ្រ​។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន លើកឡើងថា ជារៀងរាល់ឆ្នាំក្រសួងវប្បធម៌បានផ្តួចផ្តើមឲ្យមានការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍អាពាហ៍ពិពាហ៍ មហោស្រពសិល្បៈ តាមរាជធានី ខេត្ត និងអង្គការសហគម ដោយមានដៃគូរឯកជនជាច្រើនចូលរួម។ ព្រឹត្តិការណ៍នេះ មានគោលបំណងបំផុសចលនាមហាជន ជាពិសេស យុវជនឲ្យចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេសទម្រង់អាពាហ៍ពិពាហ៍ ម្ហូបអារហារ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ជាតិ ដោយបណ្ដុះនូវស្មារតីស្រលាញ់ការយល់ដឹងអំពីគុណតម្លៃ និងការផ្ទេរបន្តទៅឲ្យអ្នកជាជំនាន់ក្រោយ។​

បើតាមឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ព្រឹត្តិការណ៍នេះ ជួយពង្រឹងសមត្ថភាពសិល្បៈ ផ្លាស់ប្តូរ បទពិសោធន៍ និងលើកកម្ពស់គុណភាពផលិតផលវប្បធម៌ ដើម្បីឈានទៅសហការ និងប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ដោយទាញយកអត្ថប្រយោជន៍ពីវិស័យវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសេចក្តីត្រូវការរបស់មហាជន។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចាត់ទុកថា ការរៀបចំពិព័រណ៍ និងមហោស្រពសិល្បៈនាពេលនេះ ជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់ ដែលរួមវិភាគទានដោយផ្ទាល់ដល់ការអភិរក្ស ផ្សព្វផ្សាយ និងលើកស្ទួយតម្លៃនៃបេតិកភណ្ឌវប្បធម៌ជាតិឲ្យកាន់តែរីកចម្រើន ក្នុងក្របខណ្ឌ នៃកិច្ចសហការល្អ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន អង្គការមហាជន សហគមន៍ និងសប្បុរសជននានាដែលជាដៃគូរអភិវឌ្ឍន៍ក្នុងការប្រមែប្រមូលពូនផ្ដុំការចូលរួម ស្របតាមគោលការណ៍ «រដ្ឋជាអ្នកគ្រប់ គ្រង គាំពារ ដៃគូឯកជនជាអ្នកអនុវត្ត»។ ​

លោកស្រី ម៉ែន សំអន បានលើកឡើងទៀតថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល វិស័យសិល្បៈវប្បធម៌ជាតិ ត្រូវបានលើកម្ពស់ ទាំងនៅលើឆាកអនុ្តរជាតិ។ ជាក់ស្ដែងសម្បត្តិវប្បធម៌របស់ខ្មែរ​មួយចំនួន ត្រូវបានពិភពលោកទទួលស្គាល់ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិមានជាអាទិ៍​៖ ប្រាសាទតំបន់អង្គរ, ប្រាសាទព្រះវិហារ​, តំបន់ប្រាសាទសំបូរ ព្រៃគុក​, របាំក្បាច់បុរាណខ្មែរ, ល្ខោនស្បែកធំ ល្បែងទាញ ព្រ័ត្រ និងចាប៉ីដងវែង។

ជាមួយគ្នានេះ ​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានគូសបញ្ជាក់ថា ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្ល ម្ហូបអាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី១៨ នាពេលនេះក្នុងគោលបំណងដល់យុវជន ប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ ជាអត្តសញ្ញាណជាតិឲ្យបានគង់វង្ស និងអនុញ្ញាតឲ្យអ្នកប្រកបរបរនេះមានឱកាសទាញយកប្រយោជន៍ ពីវប្បធម៌ប្រពៃណី និងម្ហូបអាហារខ្មែរ។

ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី១៨ ដ៏មហោឱឡារិកនាពេលនេះ រៀបចំធ្វើ២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ​។

សូមបញ្ជាក់ថា ពិពរណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូប អាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី១៨ មានការដឹកនាំរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានសហការជាមួយនឹង សំអាងការសិរីមង្គល ក្នុងនោះក៏មានការចូលរួមសហការ ជាមួយនឹងក្រុមហ៊ុន ដែលជាដៃគូពាណិជ្ជកម្ម ជាច្រើនទៀត៕