(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ម៉ក់ ស៊ីថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះទៅបំពេញបេសកកម្ម ទៅកាន់ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការងារបង្កបង្កើនផល និងវាយតម្លៃ ពីផលប៉ះពាល់ខូចខាត ដែលបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំស្ងួត លើផលិតកម្មកសិកម្ម។

នៅក្នុងនោះផងដែរ ក៏មានការចូលរួមអមដំណើរ ដោយលោករដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ប្រតិភូទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការីមួយចំនួនទៀត នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ។

បេសកម្ម ខាងលើនេះ គោលបំណង ចុះទៅពិនិត្យការងារបង្កបង្កើនផល និងវាយតម្លៃពីផលប៉ះ ពាល់ខូចខាតដែលបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំស្ងួត លើផលិតកម្មកសិកម្ម ពិសេសដំណាំស្រូវ រួចពិនិត្យ លើលទ្ធភាពចែកពូជស្រូវ និងពូជដំណាំជូនគ្រួសាររង គ្រោះ ដែលក្រសួងកសិកម្ម មាននៅក្នុងសន្និធិលមួយចំនួន និងមួយចំនួនទៀត ជាជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

កម្មវិធីទី១៖ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ (ស្តារផលិតកម្មស្រូវ) តាមផ្លូវធ្វើដំណើរទៅខេត្តឧត្តរមានជ័យ លោកបានចុះជួបកសិករនៅឃុំម៉ោង ស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីសួរនាំពីផលប៉ះពាល់ និងគម្រោងស្តារ ផលិតកម្មស្រូវឡើងវិញ លើផ្ទៃដីចំនួន ១៦៦០ហិកតា ដែលប៉ះពាល់។ នាឱកាសនេះលោក វេង សាខុន បានជូនស្រូវពូជចំនួន៣០តោន សម្រាប់មន្ទីរកសិកម្មខេត្ត ក្នុងនោះមន្ទីរកសិកម្មស្រុកស្រីស្នំ ចំនួន៣តោន។

ចេញពីស្រុកស្រីស្នំ បន្តដំណើរមកស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ រួមដំណើរជាមួយលោកអភិបាលខេត្ត។ លោក វេង សាខុន បានចុះជួបនិងសួរនាំកសិករ ពីការងារបង្កបង្កើនផល និងផលប៉ះពាល់ លើដំណាំស្រូវ ដោយគ្រោះរាំងស្ងួតនៅឃុំពង្រ ស្រុកចុងកាល់។

បើតាមមន្ទីរ បានឲ្យដឹងថា ផលិតកម្មស្រូវក្នុងខេត្ត មានបីស្រុក គឺស្រុកសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល បានទទួលរងផលប៉ះពាល់ លើផ្ទៃដីជាង ១ម៉ឺនហិកតា និងខូចខាតទាំងស្រុងចំនួន ៥០០ ហិកតា។ ជារួមស្ថានភាព នៃការលូតលាស់ដំណាំស្រូវឃើញថា មានលក្ខណៈល្អប្រសើរឡើងវិញ ដោយសារមានភ្លៀងបង្អោរធ្លាក់ ជាបន្តបន្ទាប់តាំងពីដើមខែកញ្ញា។

ដោយឡែក ក្នុងស្រុកសំរោង ឃុំបន្សាយរៈ ភូមិបន្សាយរៈ លោក វេង សខុន និងសហការី បានចុះមកពិនិត្យការធ្វើស្រែ បែបកសិកម្មទំនើបធ្វើការជ្រើសរើសពូជ ប្រើប្រាស់គ្រឿងចក្រសកិកម្ម និងអនុវត្តបច្ចេកទេស ត្រឹមត្រូវដោយសហការដឹកនាំ អនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) លើផ្ទៃដី ៤៣ហិកតា របស់កសិករឈ្មោះ ប៊ូ សំហេន។

ចេញពីស្រុកសំរោង បន្តដំណើរមកស្រុកបន្ទាយអំពិល ឃុំវិល ភូមិឪឡូក ដើម្បីមកជួបកសិករ ដែលមានដីស្រែប៉ះពាល់ តែអាចស្តារឡើងវិញបាន។ ក្នុងឱកាសចុះពិនិត្យការស្តារផលិតកម្មស្រូវ និងការងារ បង្កបង្កើនផល នាព្រឹកនេះ លោករដ្ឋមន្រ្តីកសិកម្ម ក៏បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងប្រធានមន្ទីរកសិកម្ម នៃខេត្តទាំងពីរនូវការងារសំខាន់ៗ ដូចខាងក្រោម៖

* រៀបចំនាំយកស្រូវពូជ មកចែកជូនកសិករឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា និងគួរត្រៀមពូជដំណាំផងដែរ ដោយសារតែចុងរដូវនៃការងារដកស្ទូង កន្លែងខ្លះមិនអាចធ្វើស្រែបាន គួរដាំដំណាំស្បៀងវិញ ចៀសវាងទុកដីទំនេរចោល។

លោក វេង សាខុន បានកោតសរសើរ លើកទឹកចិត្ត និងគាំទ្រដល់ កសិករ ប៊ូ សំហេន ដែលបានយកបច្ចេកទេស មកអនុវត្តក្នុងការជួយជំរុញផលិតកម្មស្រូវ របស់ខ្លួនផង និងជួយបង្ហាត់បង្ហាញដល់កសិករផ្សេងៗ ឲ្យបានយល់ និងរៀនសូត្រ ពីការអនុវត្តបច្ចេកទេស ក្នុងផលិតកម្មដំណាំស្រូវ ដើម្បីបង្កើនទិន្នផលលើផ្ទៃដីដដែល រក្សាបាននូវគុណភាព មានទីផ្សារ និងបង្កើនប្រាក់ចំណូល។

រដ្ឋមន្ដ្រីក្រសួងកសិម្ម បានបញ្ជាក់ថា មន្ទីរគួរជ្រើសរើសកសិករគំរូរបៀបនេះ ឲ្យបានច្រើន ប្រយោជន៍ជួយផ្សព្វផ្សាយបច្ចេកទេស បង្កើនការយល់ដឹងបន្ថែមទៀត ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន និងឈានទៅសម្រេចបាន តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ និងចក្ចុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាឆ្នាំ២០៣០៕