(កោះកុង)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមដាំកូនឈើកោងកាង ចំនួន២៥០០ដើម នៅក្នុងក្របខ័ណ្ឌ នៃគម្រោងដាំកូនឈើកោងកាងចំនួន៥ម៉ឺនដើម លើផ្ទៃដី១០ហិកតា នៅដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក សាយ សំអាល់ បានថ្លែងថា ការដាំកូនដើមកោងកាងនេះ ក្នុងគោលបំណងដើម្បីជួយបង្កើនគំរបព្រៃកោងកាង ក៏ដូចជា ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្ត ស្តីពីការប្រែប្រួលអាកាសធាតុ ការបន្ស៊ាំ នឹង ការប្រែប្រួលអាកាសធាតុ ការបង្កើនជីវៈចម្រុះឡើងវិញ និងចូលរួមលើកស្ទួយជីវភាពសហគមន៍។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ព្រឹត្តិការណ៍ដាំកូនឈើកោងកាងនាថ្ងៃនេះ បានបញ្ជាក់អំពីការគាំទ្រ និងចូលរួមអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ជាពិសេសផែនការយុទ្ធសាស្រ្ត ស្តីពីការ ប្រែប្រួល អាកាសធាតុ ឆ្នាំ២០១៤-២០២៣ ដែលនេះបង្ហាញពីសក្ខីភាព និងសមិទ្ធផល នៃកិច្ចសហការ រវាង ប្រជាពលរដ្ឋសហគមន៍ អាជ្ញាធរមូលដ្ឋាន និង វិស័យឯកជន។ ក្នុងក្របខណ្ឌនេះដែរ ក្រសួងបរិស្ថាន បានធ្វើកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុងក្រសួង ដោយបង្កើតឱ្យមាននាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរដើរតួនាទីរួមចំណែកក្នុងកិច្ចការពារ បរិស្ថាន និងការអភិរក្សធនធានតំបន់ឆ្នេរ និងសមុទ្រទាំងថ្នាក់តំបន់ និងសកលលោកផងដែរ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ហិរញ្ញវត្ថុសាធារណៈ និងការធ្វើវិមជ្ឈការ វិសហមជ្ឈការ។

ជាមួយគ្នានេះលោក សាយ សំអាល់ បានថ្លែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ នាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរនៃក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ខេត្ត ដែលបានបង្កើតឱ្យមានព្រឹត្តិការណ៍នេះឡើង ក៏ដូចជាក្រុមហ៊ុន Starlight Apparel Manufacturing Company Limited ក្នុងការគាំទ្រ និងចូលរួមអភិរក្សធនធានធម្មជាតិតំបន់ឆ្នេរ និងការលើកស្ទួយជីវភាព ប្រជាសហគមន៍មូលដ្ឋាន ជាមួយក្រសួងបរិស្ថាន ហើយសំដែងការលើកទឹកចិត្តដល់សហគមន៍ ដែលបានចូលរួមថែរក្សា និងអភិរក្សធនធានព្រៃកោងកាងតំបន់ឆ្នេរផងដែរ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងបានចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់បន្ថយការសាយភាយនៃឧស្ម័នផ្ទះកញ្ចក់ តាមរយៈ ការការពារ ការអភិរក្ស និងការដាំស្តារព្រៃឈើឡើងវិញ ដែលមានតួនាទីសំខាន់ក្នុងការស្រូប យកនូវឧស្ម័នកាបូនិច។ លើសពីនេះ ព្រៃកោងកាង មានសក្តានុពលក្នុងការរួមចំណែកស្រូបយកឧស្ម័នកាបូនិច រក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងមច្ឆាជាតិ ដែលជាធនធានចាំបាច់ សម្រាប់លើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈការនេសាទ ទេសចរណ៍ ធម្មជាតិ និងការកែច្នៃផលិតផលពីធនធានសមុទ្រ និងតំបន់ឆ្នេរ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងថា ព្រៃកោងកាងពិតជាមានសារៈសំខានណាស់សម្រាប់ជីវៈចម្រុះនៅក្នុងសមុទ្រ និងជាជម្រកនៃសត្វស្លាបគ្រប់ប្រភេទ ដែលកន្លងមកថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញ ក៏ដូចជាប្រជាសហគមន៍ បានយកចិត្តទុកដាក់ ក្នុងការថែរក្សាការពារ ឱ្យបានគង់វង្ស ជាពិសេសទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្ត៕