(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ញើសារលិខិតជូនជនជាតិរួមជាតិ ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ដែលត្រូវបានប្រារព្ធទូទាំង ពិភពលោកជារៀងរាល់ឆ្នាំ បន្ទាប់ពីមានការអនុម័ត ដោយមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៥៥ នាឆ្នាំ២០០១ ដើម្បីលុបបំបាត់អំពើហិង្សា បញ្ឈប់សង្គ្រាម ជំរុញឲ្យមានសុខសន្ដិភាព ក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល។

សារលិខិតដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ​សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា គ្មានសន្ដិភាព គឺគ្មានការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍ ក៏គ្មានសន្ដិភាពស្ថិតស្ថិរដែរ នេះគឺជាគោលការណ៍សត្យានុម័ត ដែលពិភពលោកទាំងមូលបានទទួលស្គាល់ និងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងនៅតែបន្ដកសាង និងអភិវឌ្ឍ ដោយផ្អែកលើសមិទ្ធផលគួរជាទីមោទនកន្លងមក ដោយបន្ដអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើនូវឧត្តមប្រយោជន៍របស់ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាជន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាស្ថានិកក្នុងការរកសន្ដិភាពជូនជាតិ និងប្រជាជនកម្ពុជា ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្ដចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកស្ទូយសន្ដិភាពជាតិ និងអន្ដរជាតិ ដោយបន្ដថែរក្សាសន្ដិភាព ដែលមានស្រាប់ពង្រឹងឯកភាពជាតិ អនុវត្តវប្បធម៌សន្ទនា គោរពច្បាប់ ដោះស្រាយបញ្ហាដោយសន្ដិវិធី និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រាល់ឧបាយកល និងការប៉ុនប៉ងតាមគ្រប់រូបភាព ដែលមានគោលបំណង ឲ្យប្រទេសជាតិ ធ្លាក់ក្នុងសភាពវឹកវរ និងអស្ថិរភាព៕​​