(កំពត)៖ ទេសរដ្ឋមន្ដ្រី គន់ គីម បានបន្ដប្រគល់ប័ណ្ណបេឡាសន្ដិសុខសង្គម តាមបញ្ជារបស់​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា​​ប្រធាន​សមាគម​​អតីត​យុទ្ធជន​កម្ពុជា​ ជូនដល់​សមាជិក​អតីត​យុទ្ធជន​ ខេត្តកំពត​ ចំនួន​២,៤៧២នាក់​ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ដោយមាន​ការ​​ចូលរួម​ពី​ លោក ជាវ​ តាយ អភិបាល​​ខេត្តកំពត។

ក្នុងពិធីដែលបានធ្វើ​នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពតនេះ លោក​ ជាវ​ ​តាយ​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង​ស្វាគមន៍​​ចំពោះ​​ទេសរដ្ឋមន្រ្តី​ គន់ គីម ដែលជានិច្ចជាកាល​តែងតែចុះជួប​​អតីត​យុទ្ធជន​ នៅតាមបណ្តាខេត្ត​ ជាក់ស្តែងថ្ងៃនេះ​​បានចុះមកជួបសមាជិកអតីតយុទ្ធជនកម្ពុជា​នៅខេត្តកំពត។​​

ថ្លែងទៅកាន់អង្គពិធីទាំងមូល ទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ថា ក្រោយ​ត្រូវបានរាជរដ្ឋាភិបាល​ តែងតាំងជា​ទេសរដ្ឋមន្រ្តី​ និងឲ្យទទួលការងារអតីតយុទ្ធជន​ ថ្ងៃ​នេះលោកមកជួបសមាជិកទាំងអស់ ​ដើម្បីបង្ហាញមុខ​ និងមកអរគុណសមាជិកដែលបានទៅបោះឆ្នោត​ និងបោះឆ្នោតគាំទ្រ​សម្តេចតេជោ​ ហ៊ុន សែន និង​នាំយកប័ណ្ណ​បេឡាសន្តិសុខសង្គម​ ​(ប​.ស.ស)​ របស់​សម្តេច​មកចែកជូនផងដែរ។

​ដោយពិនិត្យឃើញសមាជិកអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពលំបាក​ លោកទេសរដ្ឋមន្ដ្រី គន់ គីម​ បានគោរពស្នើសុំ​សម្តេច​តេជោ​ ហ៊ុន សែន និងត្រូវ​បាន​សម្តេច​ អនុញ្ញាតឲ្យសាងសង់ផ្ទះជូនអ្នក​មាន​ដីអត់ផ្ទះ២០ខ្នង​ និងសូមឲ្យ​​អភិបាលខេត្ត​ ជួយដោះស្រាយ​ដីជូនអ្នកអត់ដី​អត់ផ្ទះ​ ចំនួន១៩គ្រួសារ​ ដោយលោកនឹងគោរពស្នើសុំសម្តេច សាងសង់ផ្ទះជូនពួកគាត់ក្រោយពេលទទួលបានដី៕