(ស៊ីឈួន, ចិន)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ ខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងវេទិកាអភិវឌ្ឍន៍ និងបើកចំហរផ្នែកដឹកជញ្ជូនកំពង់ផែអន្តរជាតិ តំបន់ភាគខាងលិច ប្រទេសចិន ឆ្នាំ២០១៨ នៅក្នុងសាលប្រជុំ នៃសណ្ឋាគារ Shangri-La នៅទីក្រុងឈឹងទូ ខេត្តស៊ីឈួន ប្រទេសចិន ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។

ជាមួយគ្នានោះ គណៈប្រតិភូខេត្តព្រះសីហនុ ដែលដឹកនាំផ្ទាល់ដោយលោក យន្ត មីន ក៏បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យិន លី អភិបាលខេត្តស៊ីឈួន ស្របពេលដែល គណៈប្រតិភូខេត្ត អញ្ជើញទៅចូលរួមក្នុងពិព័រណ៍អន្តរជាតិលើកទី១៧ នៃភាគខាងលិចប្រទេសចិន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ផងដែរ។

ក្នុងជំនួបសម្តែងការគួរសម លោក យន្ត មីន ក៏បានជម្រាបពីសក្តានុពលខេត្ត និងផ្សព្វផ្សាយដល់អ្នកវិនិយោគគិនចិន ឲ្យមកវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។ លើសពីនេះទៀត ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការបង្កើតចំណងមិត្តភាពរវាងខេត្តព្រះសីហនុ និងខេត្តស៊ីឈួន លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សំណង់ដឹកជញ្ជូន និងអប់រំ៕