(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបាញ់សារនយោបាយជូន អតីតថ្នាក់ដឹកនាំ និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ថា នាំគ្នាភ្លឺភ្នែកព្រោះសហគមន៍អឺរ៉ុប នៅតែបន្តធ្វើសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលអាណត្តិទី០៦នេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់លោក សុខ ឥសាន បានធ្វើឡើងបន្ទាប់ពីលោក​ George Edgar ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ២០១៨​ថា ​«​សហគមន៍​អឺរ៉ុប​ នៅ​បន្ត​ធ្វើ​ការងារ​ក្នុង​កិច្ច​សហប្រតិបត្តិការ ​ជាមួយ​ប្រទេស​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី និង​បណ្តា​ប្រទេស​ជា​ដៃ​នានា​»​។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប​ បាថ្លែងថា ​សហគមន៍អឺរ៉ុប នៅតែបន្តធ្វើសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា សម្រាប់អាណត្តិថ្មី​។ គ្មានភាពខុសគ្នាទេរវាងសហភាពអឺរ៉ុប និងសមាជិកបស់ខ្លួន​ ចំពោះជំហរគាំទ្ររាជរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជា ​និងការបោះឆ្នោតនៅពេលកន្លងទៅ​»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបន្តថា សហគមន៍អឺរ៉ុប បានបន្តគាំទ្រក្នុងការជំរុញឱ្យមានកំណើន សេដ្ឋកិច្ចរស់កម្ពុជា​។ នៅពេលថ្មីៗនេះ​ សហគមន៍អឺរ៉ុប និងសមាជិកសហគមន៍ បានគាំទ្រកម្ពុជាយ៉ាងខ្លាំង​ និងបានផ្តល់ថវិកាប្រមាណ​៤១០​លានអឺរូ សម្រាប់រយ:ពេល​៧​ឆ្នាំ​។ ថវិកានេះបានជួយដល់ជំនួយឥតសំណងផងដែរ ដែលអនុញ្ញាតឱ្យកម្ពុជា នាំទំនិញចេញទៅកាន់តំបន់ អឺរ៉ុបទាំងអស់​ លើកលែងតែអាវុធ​។

លោក សុខ ឥសាន បានបញ្ជាក់ទៀតថា កម្ពុជាបានទទួលអត្ថប្រយោជន៍ទាំងអស់នេះ​ ដូចវិស័យផ្សេងៗ ដែលបានឃើញការនាំចេញវិស័យសម្លៀកបំពាក់ ទទួលបានអត្ថប្រយោជន៍ពេញលេញ​។ អ្វីៗ ដែលបានជួយកម្ពុជា ​គឺទាក់ទងនឹងការលើកកម្ពស់ និងជំរុញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា​។ គោលបំណង នៃការបង្កើតឱ្យមានប្រតិភូសហភាពអឺរ៉ុប​ ដែលមានរូបលោកជាឯកអគ្គរដ្ឋទូត គឺបញ្ជាក់ថា «យើងមានសម្លេងតែមួយ ក្នុងបណ្តាប្រទេសរបស់សហភាពអឺរ៉ុប​។ សហភាពអឺរ៉ុប នឹងបន្តធ្វើការជាមូយរាជរដ្ឋាភិបាលកម្ពុជាដដែល ដូចកន្លងមក​ ដើម្បីអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល»​។

អ្នកនាំពាក្យរូបនេះ បានប្រាប់ទៅអតីតបក្សប្រឆាំងថា «ចំពោះខ្លឹមសារ នៃជំហររបស់សហភាពអឺរ៉ុបខាងលើនេះ​ តើពួកឧទ្ទាមក្រៅច្បាប់ និងកាកសំណល់នៃអតីតបក្សប្រឆាំមានអីត្រូវតវ៉ាទៀតទេ​? តើបានភ្លឺភ្នែកហើយឬនៅ​»?