(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកបឹងទន្លេសាប ចំនួន៥៧៧គ្រួសារ មកពី៣ភូមិ ក្នុងឃុំរាំងទិល ស្រុកកណ្តៀង កំពុងជួបបញ្ហាខ្វះខាតស្បៀងក្នុងរដូវទឹកទន្លេឡើង បានប្រមូលផ្តុំគ្នា មកទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដោយក្នុងមួយគ្រួសារ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ ដើម្បីជួយសម្រាលជីវភាពបានមួយគ្រា។

ពីធីនេះធ្វើឡើង នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើទីទួលសាលាបឋមសិក្សារាំងទិល ដោយបានការចូលរួមពី លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ព្រមទាំងប្រតិភូអមដំណើរ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

លោក ម៉ៅ ធនិន និងលោក កែវ រតនៈ បានថ្លែងសំណេះសំណាល ទៅកាន់បងប្អូនប្រជាពលរដ្ឋឃុំរាំងទិល ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងពីរ តែងតែគិតគូរអំពីទុក្ខលំបាកខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និយាយរួមក្នុងនោះក៏មានបងប្អូនប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាបផងដែរ។

ថ្នាក់ដឹកនាំទាំង២ បានថ្លែងទៀតថា ឃុំរាំងទិល ក៏ដូចបណ្តាឃុំនានានៅប៉ែកខាងលើ កាលពីសម័យមុនៗ គឺមិនទាន់ការអភិវឌ្ឍន៍នៅឡើយទេ ទើបតែបច្ចុប្បន្ននេះ ពិនិត្យជារួមឃើញថា ប្រជាពលរដ្ឋយើងទទួលបានសមិទ្ធផលដោយផ្ទាល់ និងដោយប្រយោលដូចជា៖ ស្បៀង សាលារៀន ផ្លូវថ្នល់ មណ្ឌលសុខភាព បណ្តាញភ្លើងអគ្គិសនី ចំពោះបងប្អូននៅលើទូក ក៏មានសូឡាប្រើពន្លឺព្រះអាទិត្យស្ទើរគ្រប់ៗគ្នា ដែលទាំងនេះ ជាការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋបាលខេត្ត រដ្ឋបាលស្រុក មិនទុកឱ្យបងប្អូននៅតំបន់នេះឯកោឡើយ។ បងប្អូនដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ពឹងផ្អែកទាំងស្រុងទៅនឹងការធ្វើនេសាទ សម្រាប់ចិញ្ចឹមជីវិត ដូច្នេះត្រូវរួមគ្នាជួយថែរក្សា និងអភិរក្សធនធានធម្មជាតិនៅទីនេះ ជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយៗ ពិសេសអនុវត្តន៍តាមអនុសាសន៍ទាំង៧ចំណុច របស់សម្តេចតេជោ ហ៊ុន សែន។

ថ្នាក់ដឹកនាំទាំង២ បានជម្រាបជូនទៀតថា អំណោយមនុស្សធម៌ទាំងអស់ គឺបានមកពីការចូលរួមជួយឧបត្ថម្ភ ពីសំណាក់ថ្នាក់ដឹកនាំ ព្រះសង្ឃ អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសម្បុរសជន ដែលមានធនធានទាំងក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេស សម្រាប់យកមកជួយទៅដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ ជាក់ស្តែងនៅឃុំរាំងទិលនេះផ្ទាល់ ក៏ដូចជាម្សិលមិញនៅឃុំកំពង់លួងយ៉ាងដូច្នេះឯង។

លោក ម៉ៅ ធនិន និងលោក កែវ រតនៈ ក៏បានអំពាវនាវដល់ប្រជានេសាទ គប្បីប្រុងប្រយត្ន័ចំពោះកូន ថែរក្សាសុខុមាលភាព ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត បើមានករណីអ្វីកើតឡើង ត្រូវជូនដំណឹងមកអាជ្ញាធរដែនដីដើម្បីឱ្យក្រុមការងារជួយអន្តរាគមន៍ និងឆ្លើយតបបានទាន់ពេលវេលា ស្របតាមពាក្យស្លោកថា «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ដែលជាស្ថាប័នមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះគ្រប់ពេលវេលា៕