(ភ្នំពេញ)៖ គម្រោងពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិល ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ដែលមានរយៈពេល៣០ខែ ក្នុងខេត្តគោលដៅចំនួន៨ ដែលរៀបចំដោយអង្គការវីអេសអូកម្ពុជា (VSOC), គណៈកម្មាធិការប្រតិបត្តិការដើម្បីកម្ពុជា (CCC), វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា (NGOF) និងអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ត្រូវបានបិទបញ្ចប់ស្ថាពរ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១ ជាមួយលទ្ធផលយ៉ាងគាប់ប្រសើរ។

សិក្ខាសាលាបិទបញ្ចប់គម្រោងនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

គម្រោង «ពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិល ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន» ធ្វើឡើងក្នុងគោលដៅពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិល ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យក្លាយទៅជាតួអង្គសំខាន់ ក្នុងការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធអភិបាលកិច្ច និងគណនេយ្យភាព និងជំរុញឲ្យមានការបង្កើត គោលនយោបាយប្រកបដោយបរិយាប័ន្ន។

គម្រោងនេះក៏មានគោលដៅជាក់លាក់ ដើម្បីពង្រឹងសមត្ថភាព ស្ថាប័ននៃបណ្ដាញអង្គការសង្គមស៊ីវិល ឲ្យបានប្រសើរឡើង និងមានប្រសិទ្ធភាព ក្នុងការបង្កើតគោលនយោបាយ សាធារណៈប្រកបដោយបរិយាប័ន្ន នៅតាមខេត្តគោលដៅនៅថ្នាក់ក្រោមជាតិ រួមមាន ខេត្តព្រៃវែង ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។

ថ្លែងក្នុងឱកាសនោះ លោក ង៉ាន់ ចំរើន បានគូសបញ្ជាក់ថា អង្គការសង្គមស៊ីវិលបានដើរតួយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដូច្នេះគម្រោងនេះដើម្បីជួយអភិវឌ្ឍសមត្ថភាពដល់អង្គការសង្គមស៊ីវិល ដើម្បីដោះស្រាយបញ្ហាប្រឈម ពង្រឹងភាពឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

រដ្ឋលេខាធិការរូបនេះ បានបន្ថែមថា ការអនុវត្តគម្រោងនេះ បានឆ្លើយទៅនឹងគោលបំណង នៃយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដែលតែងរំពឹងថា ការបង្កើតបណ្ដាញអង្គការសង្គមស៊ីវិលដ៏រឹងមាំមួយ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឲ្យមាននូវប្រសិទ្ធភាព​ការប្រាស្រ័យទាក់ទង រវាងសហគមន៍ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរមូលដ្ឋានប្រកបដោយការស្ថាបនា។

ជាមួយគ្នានេះ លោក សឿង សារឿន នាយកអង្គការ​គណកម្មាធិការប្រតិបត្តិការដើម្បីកម្ពុជា (​CCC​) បានលើកឡើងថា តាមរយៈគម្រោង «ពង្រឹងបណ្តាញអង្គការសង្គមស៊ីវិល ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន» អំឡុងពេល៣០ខែមកនេះ អង្គការបានវិនិយោគទៅលើកម្មវិធីសំខាន់ៗចំនួន៥។

កម្មវិធីសំខាន់ៗនោះរួមមាន ទី១៖ការកសាងសម្ថភាព ទៅលើការអភិវឌ្ឍន៍ស្ថាប័នទាំងមូល ដើម្បីឲ្យអង្គការសង្គមស៊ីវិលមានគោលនយោបាយ មានផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រងប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ, ទី​២៖បណ្តុះបណ្តាល កសាងសម្ថភាពផ្នែកកៀងគរធនធានហិរញ្ញវត្ថុ និងធនធានមិនមែនហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍គម្រោងនៅក្នុងខេត្ត, ទី៣៖ការបណ្តុះបណ្តាល ជំរុញឲ្យមានការគ្រប់គ្រងចំណេះដឹង និងប្រព័ន្ធបច្ចេកវិទ្យា សិក្សាតាមប្រព័ន្ធអនឡាញ, ទី៤៖ការបណ្តុះបណ្តាលលើការតស៊ូមតិ និងទី៥៖ជួយក្នុងការជម្រុញឲ្យមានការដាក់បញ្ចូលភាពស្មើរគ្នារវាងបុរស និងស្រ្តី ក្នុងស្ថាប័ន៕