(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន បានសម្តែងសមានទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោក ត្រាន់ ដាយក្វាង ប្រធានាធិបតីវៀតណាម។

ក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោកស្រី ង្វៀនធី គីមងិន ប្រធានរដ្ឋសភាវៀតណាម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេច ហេង សំរិន បានចាត់ទុកមរណភាពរបស់ប្រធានាធិបតីវៀតណាម គឺជាការបាត់បង់ដ៏ធំធេង នៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឲ្យគោរពកោតសរសើររបស់ប្រទេស និងប្រជាជនវៀតណាម។

សម្តេច ហេង សំរិន បានបន្ថែមថា មរណភាពរបស់លោក ត្រាន់ ដាយក្វាង ក៏ជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជាផងដែរ។ សម្តេច ហេង សំរិន ក្នុងនាមសម្តេចផ្ទាល់ ដ៏ដូចជាសមាជិក សមាជិកនៃរដ្ឋសភា និងប្រជាជនកម្ពុជា បានសម្តែងនូវសមាណចិត្ត និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយនឹង បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាគ្រួសារសពរបស់លោក ត្រាន់ ដាយក្វាង ផងដែរ។

សូមបញ្ជាក់ថា ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង បានទទួលមរណភាពនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងអាយុ ៦១ឆ្នាំ។ លោក ត្រាន់ ដាយក្វាង បានឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាម កាលពីឆ្នាំ២០១៦កន្លងទៅនេះ។ គណៈប្រតិភូនយោបាយជាន់ខ្ពស់របស់ចិន គឺជាភ្ញៀវបរទេសចុងក្រោយគេ ដែលលោក ត្រាន់ ដាយក្វាង បានទទួលជួបពិភាក្សាការងារចំពោះភាពតាន់តឹងនៃទំនាក់ទំនងប្រទេសទាំងពីរកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ៕