(ភ្នំពេញ)៖ ក្រសងទេសចរណ៍ បានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រសិទ្ធភាពការងារ ដល់មន្ត្រីរាជការរបស់ខ្លួនទាំងនៅទីស្ដីការក្រសួង និងមន្ទីរទេសចររាជធានី-ខេត្តសរុបជិត ១០០នាក់ ដើម្បីបញ្ជ្រាបពីការងាររដ្ឋបាល ការគ្រប់គ្រងប្រសិទ្ធភាពការងារ ស្ថានការណ៍ថ្មីៗ និងគោលនយោបាយអនុវត្តការងារជាច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃ (ពីថ្ងៃទី១៨-២១ ខែកញ្ញា) ផ្តោតលើមុខវិជ្ជាសិក្សាអំពីការងាររដ្ឋបាល និងកិច្ចការទូទៅ, ការរៀបចំមុខងារសាធារណៈនៃកម្ពុជា, ប្រព័ន្ធគ្រប់គ្រងគុណផលមន្ត្រីរាជការ, គោលការណ៍គ្រប់គ្រង និងកំណែទម្រង់ការអនុវត្ត, ច្បាប់ស្តីពីទេសចរណ៍ និងកិច្ចជំរុញការអនុវត្តច្បាប់។

ពិធីបិទវគ្គបណ្ដុះបណ្ដាល ត្រូវធ្វើឡើងក្រោមអធិបតីភាពលោក គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោករដ្ឋមន្ត្រី ថោង ខុន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

លោកអគ្គនាយក គង់ សូលីដា បានរៀបរាប់ប្រាប់សិក្ខាកាមថា នៅឆ្នាំ២០១៨នេះ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់។ ឆ្នាំ២០២០ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិ ៧លាននាក់ និងចំណូលទេសចរណ៍ប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារ និងមុខរបរដោយផ្ទាល់ជិត ១លាននាក់។ ឆ្នាំ២០២៥ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិ ១០លាននាក់ ហើយឆ្នាំ២០៣០ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិ ១៤លាននាក់។

ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងបានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ ដោយផ្តោតលើការងារសំខាន់ៗ រួមមាន៖
១៖ ការអភិវឌ្ឍផលិតផលទេសចរណ៍។
២៖ ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍តាមទស្សនទាន «សេវាមួយ ស្តង់ដាមួយ»។
៣៖ ការអភិវឌ្ឍធនធានមនុស្សតាមទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ»។
៤៖ ការពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍ (ទាំងក្នុង និងក្រៅប្រទេស)។
៥៖ ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ (រួមទាំងសន្តិសុខ និងសុវត្ថិភាពទេសចរ)។

លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗមួយចំនួន រួមមាន៖
* ត្រូវគោរពសិទ្ធិ និងកាតព្វកិច្ចមន្រ្តីរាជការ ដែលមានចែងក្នុងខ្លឹមសារនៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃកម្ពុជា។
* ត្រូវពង្រឹងការគ្រប់គ្រងមន្រ្តីរាជការឱ្យបានហ្មត់ចត់ គោរពវិន័យឱ្យបានម៉ឺងម៉ាត់ និងច្បាស់លាស់ ស្របតាមបទប្បញ្ញត្តិជាធរមាន។
* បន្តការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងការវិវត្តរបស់សង្គម។
* ត្រូវប្រើប្រាស់ចំណេះដឹង បទពិសោធន៍ និងសមត្ថភាពការងារដែលមានស្រាប់ឱ្យចំគោលដៅ និងអភិវឌ្ឍន៍សមត្ថភាពការងារថ្មីៗបន្ថែមទៀត ដោយផ្អែកគោលការណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ»។
* ត្រូវមានស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អ ជាមួយថ្នាក់ដឹកនាំសហការី និងមន្ត្រីរាជការ។
* ចំពោះមន្ត្រីរាជការនៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសផ្នែកឯកជន ដើម្បីចូលរួមសហការអនុវត្ត និងគាំទ្រសកម្មភាពទេសចរណ៍។
* ក្នុងនាមជាមន្ត្រីរាជការត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍សាធារណៈ ផលប្រយោជន៍អង្គភាព និងផលប្រយោជន៍របស់មន្រ្តីរាជការ។
* ត្រូវប្រកាន់នូវគោលជំហរជាមន្ត្រីល្អ មន្ត្រីគំរូល្អ ក្នុងការបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយមនសិកា វិជ្ជាជីវៈ ភក្តីភាព ឆន្ទៈម្ចាស់ការ និងវប្បធម៌សេវាសាធារណៈ ក្នុងការកែប្រែខ្លួនឱ្យទៅជាអ្នកបម្រើសេវា និងជាដៃគូដែលគួរជឿទុកចិត្តបានសំដៅបម្រើប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងដើម្បីបម្រើអង្គភាព ប្រទេសជាតិ និងមាតុភូមិកម្ពុជា។

លើសពីនេះ លោក គង់ សូលីដា បានណែនាំឱ្យមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវចលនា «ភោជនីយដ្ឋាន និងអាហារដ្ឋានស្អាត» យុទ្ធនាការគ្មានសំរាមក្រដាសក្រោមតុនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន ពិសេសត្រូវអនុវត្តចលនា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ឱ្យបានផុសផុលនៅទូទាំងប្រទេស។

សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង បទពិសោធន៍ និងទស្សនទានថ្មីៗបន្ថែមលើអ្វីដែលមានស្រាប់ ពាក់ព័ន្ធនឹងរបត់ការងារប្រចាំថ្ងៃនៅតាមអង្គភាពរបស់ខ្លួន ពិសេសវគ្គនេះក៏ជាឱកាសជួបជុំមួយដ៏ល្អរវាងមន្រ្តីថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្នុងការពិភាក្សា ចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ និងយោបល់ល្អៗអោយគ្នាទៅវិញទៅមក៕