(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកការងារមីន បានថ្លែងថា អាជ្ញាធរមីន នឹងចំណាយទឹកប្រាក់ជាង ៤០០លានដុល្លារ ដើម្បីសម្អាតមីនឱ្យអស់នៅកម្ពុជានៅឆ្នាំ២០២៥ ឱ្យស្របតាមផែនការ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនាពេលកន្លងមកនេះ នៅសន្និសីទជាតិស្តីពីវិស័យមីនដោយបានសម្រេចថា ឆ្នាំ២០២៥ ជាឆ្នាំដែលលើទឹកដីកម្ពុជាគ្មានមីន ប្រឆាំមនុស្សលោក។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកការងារមីន បានថ្លែងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកបើកកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីបុគ្គលិក អាជ្ញាធរមីនកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលពិធីនេះដែរក៏មានការចូលរួមពីមន្ត្រី បុគ្គលិកអាជ្ញាធរមីន ប្រមាណជិត២០០នាក់ផងដែរ។

ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបន្តថា ចំពោះផ្ទៃដីដែលមិនទាន់បានដោះមីននៅសល់ចំនួន ៩០០គីឡូម៉ែត្រក្រលា នៅទូទាំងប្រទេស​គិតទាំងគ្រាន់មីន និង​សំណង់ជាតិផ្ទុះសល់ពីសង្គ្រាមគ្រប់បែបយ៉ាង ដូចនេះអាជ្ញាធរមីនត្រូវចំណាយទឹកប្រាក់ប្រមាណជាង ៤០០លានដុល្លារ ដើម្បីធ្វើសកម្មភាពដោះមីនតទៅមុខទៀត ហើយចំពោះថវិការជាង ៤០០លានដុល្លារនេះ គឺចែកវាទៅលើវិស័យបោសសម្អាតមីន ​ចំណាយទៅលើគ្រាប់បែកចង្កោម ហើយប៉ុន្មានលានទៀត សម្រាប់ការត្រួតពិនិត្យចម្ការមីនឡើងវិញ ហើយអាចរំដោះដីចំការមីននោះដោយគ្មានគ្រោះថ្នាក់ប្រគល់ឱ្យទៅប្រជាពលរដ្ឋវិញ។ បច្ចុប្បន្នអាជ្ញាធរមីនបានអនុវត្តយ៉ាងសស្រាក់សស្រាំជាទីបំផុត ដើម្បី​ឈានទៅដល់ជោគជ័យ នៃការអនុវត្តយុទ្ធសាស្ត្រជាតិឆ្នាំ២០១៨- ២០២៥នេះ។

លោកក៏បានបញ្ចាក់ទៀតថា បញ្ហាទាំងអស់ខាងលើនោះ គឺសុទ្ធតែត្រូវការថវិការ ត្រូវការរៀបចំក្រុម ត្រូវការផ្តល់ថវិការដល់សហប្រតិបត្តិករ​ទាំងជាតិ និង​អន្តរជាតិ ដែលចុះទៅធ្វើកិច្ចការនេះ ដើម្បីរំដោះចំការមីនទាំងអស់នោះ។ ចំពោះចំការមីនខ្លះបើពិនិត្យមើលឃើញថា ៥ទៅ៦ឆ្នាំមកនេះ ពួកគាត់ធ្វើស្រែចម្ការដោយប្រើត្រាក់ទ័រធំៗ ដោយមិនមានគ្រោះថ្នាក់ ដូចនេះយើងនឹងមានចំណុចដែលអាចដាក់ជាបច្ចេកទេស​ អាចប្រកាសថា តំបន់នេះគ្មានគ្រោះភ័យដោយសារមីនបាន គឺយើងរំដោះដីនោះតែម្តង ដោយមិនបាច់ធ្វើការងារបោសសំអាត។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា ប្រទេស​ជាមិត្តមួយចំនួនធំ ដោយឃើញរាជរដ្ឋាភិបាលរបស់កម្ពុជា បានខិតខំប្រឹងប្រែង ហើយមានការងារច្បាស់លាស់ ដូចជាសម្តេចតេជោ ហ៊ុន សែន បានដាក់វិស័យមីនក្នុងការអភិវឌ្ឍគោលដៅសហសវត្តន៍ រហូតដល់ការអភិវឌ្ឍគោលដៅចីរភាព ហើយដែលទាំងអស់នេះ បាននាំមកនូវការជឿទុកចិត្តពីសហគមន៍ផ្តល់ជំនួយ ដើម្បីមកជួយដល់វិស័យដោះមីននៅកម្ពុជា ប៉ុន្តែដោយប្រទេស​កម្ពុជា បានឆ្លងផុតពីប្រទេសក្រីក្រ​ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប​ ហើយនឹងឈាន ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ បានធ្វើឱ្យសហគមន៍ផ្តល់ជំនួយ​ក៏បានបណ្តឹងនៅការផ្តល់ជំនួយទៅលើវិស័យដោះមីននេះផងដែរ។ តែទោះជាយ៉ាងនោះក្តីមកដល់ពេលនេះប្រទេសដែលបានផ្តល់ជំនួយគេនៅតែបន្តជួយដដែលគ្រាន់តែតិចជាងមុន ហើយប្រទេសមួយចំនួនបានប្រកាសជួយដល់ឆ្នាំ២០២៥ ទៀតផង។

លោកក៏បានបញ្ចាក់ទៀតថា រហូតដល់សព្វថ្ងៃនេះមានប្រទេស​ថ្មីៗមួយចំនួនកំពុងតែផ្តល់ជំនួយមកដល់ប្រទេសកម្ពុជា ជាក់ស្តែងដូចជាប្រទេស​ចិន ដែលបានផ្តល់ជាថវិការ សម្ភារៈ និងការបណ្តុះបណ្តាលដល់មន្ត្រីរាជការក្នុងការបោសសំអាតមីនផងដែរ៕