(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២ករណី និងបទល្មើសលួចមានស្ថានទម្ងន់ទោសមួយករណី នៅក្នុងមូលដ្ឋាន ដោយឃាត់ខ្លួនបានជនសង្ស័យសរុប៧នាក់។

លោកវរសេនីយ៍ឯក គល់​ យី បានឲ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ បានធ្វើឡើងស្ថិតក្រោមការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។​

បើតាមលោកវរសេនីយឯកអធិការ នៅវេលាម៉ោង០៧៖៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងជំនាញ​ខណ្ឌ និងប៉ុស្តិ៍​បានធ្វើការបង្ក្រាបអ្នកប្រើប្រាស់ គ្រឿងញៀនខុសច្បាប់បាន៣នាក់ និងដកហូតបាន ឧបករណ៍ប្រើប្រាស់មួយចំនួន ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូន​ទៅចាត់ការតាមនីតិវិធី។​

​លោកបន្ថែមថា លុះនៅវេលាម៉ោង០៣៖០៥នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងខណ្ឌ និងប៉ុស្ដិ៍ស្វាយប៉ាក បានចុះបង្រ្កាបករណីជួញ​ដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ក្នុងនោះ​កម្លាំងជំនាញ​ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់។ ដោយដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់តូច​។

ដោយឡែក សម្រាប់​លទ្ធផលស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទំងន់ទោស (គំរាមវាយយកយកម៉ូតូមិនសម្រេច តែយកបានប្រាក់​៨០ដុល្លារ)
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៧០ កែងផ្លូវរថភ្លើងក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ បន្ទាប់ពីរឿងហេតុកើតឡើងភ្លាម កម្លាំងល្បាត​បានចុះអន្តរាគមន៍ធ្វើឲ្យជនសង្ស័យរត់គេចខ្លួន ដែលបន្សល់ទុកនៅម៉ូតូ១គ្រឿង ម៉ាកមីអូ ពណ៌ស ពាក់ស្លាកលេខ1AD-7802។

បន្ទប់ពីបានទទួលពាក្យបណ្តឹងជនរងគ្រោះសមត្ថកិច្ច បានបើកការស្រាវជ្រាវនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចបន្ទប់ជួល ផ្លូវ៧០ ក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។ ដោយជនរងគ្រោះឈ្មោះ ម៉េង សុជាតិ អាយុ​២៤ឆ្នាំ ស្នាក់នៅផ្ទះសំណាក់ទឹកមាស សង្កាត់ទួលសង្កែទី១ មុខរបរបុគ្គលិកផ្ទះសំណាក់។ ដោយឡែក ជនសង្ស័យ​ឈ្មោះ ស៊ុន បញ្ញា ​អាយុ១៨ឆ្នាំ (មានសារធាតុញៀន) និងម្នាក់ទៀត​ឈ្មោះ ប៉ុង ដារ៉ាន់ ​អាយុ៣៥ឆ្នាំ​ (មានសារធាតុញៀន)។

ក្នុងនោះកម្លាំងជំនាញ ដកហូតបាន​ម៉ូតូ១គ្រឿងម៉ាក មីអូ ពណ៌ស ស្លាកលេខ1AD-7802, សោរខ្សៀលេខ៨ និងដែកសំប៉ែតចុងស្រួច១។ បច្ចុប្បន្នកម្លាំងជំនាញ​កំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិ​ធី និងស្រាវជ្រាវរកបក្ខពួកបន្ថែម៕