(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ស្យុង ប័រ បានឈានដល់ពេលបិទបញ្ចប់អាណត្តិការងាររបស់ខ្លួនហើយនៅឆ្នាំ២០១៨នេះ បន្ទាប់ពីបានបំពេញការងារបានរយៈពេលពីរឆ្នាំ។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការសោកស្តាយដែលរូបលោកមានរយៈពេលខ្លីក្នុងការបំពេញភារកិច្ចនៅកម្ពុជា។

ការបង្ហាញភាពសោកស្តាយនេះបានធ្វើឡើងក្នុងពេលដែលលោក ស្យុង ព័រ អញ្ជើញចូលជម្រាបលាឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក កេត សោផាន់ បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងឱកាសនោះ លោក ស្យុង ប័រ បានសម្ដែងការសោកស្ដាយដែលអាណត្តិលោកមកបំពេញការងារទូតនៅកម្ពុជាមានរយៈពេលខ្លី ពោលត្រឹមតែ២ឆ្នាំ។ ប៉ុន្ដែលោកបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលពីរឆ្នាំនៃអាណត្តិការងាររបស់លោកនេះ កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ពិសេសលើកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ស្ថិតក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្រខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ។

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរយៈពេល២ឆ្នាំ របស់លោក ស្យុង ប័រ។ លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថាអាណត្តិការងាររបស់ ស្យុង ប័រ មានការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជាបន្តបន្ទាប់ រួមមាន៖ លោក ហ្ស៉ី ជិនពីង និងនាយករដ្ឋមន្ដ្រីចិន លោក លី ឃឺឈាង។​

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ប្រទេស និងប្រជាជនចិន ដែលបានជួយគាំទ្រ និងផ្ដល់ជំនួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដែលជំនួយទាំងអស់នេះបានពង្រឹងនូវ​តួនាទីនយោបាយរបស់កម្ពុជា ក្នុងការរក្សានូវឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន។ ជាក់ស្ដែងនៅឆ្នាំ២០១៨នេះ គឺជាខួប៦០ឆ្នាំនៃទំនាក់ទំនងកាទូតរបស់កម្ពុជា-ចិន ដែលប្រទេសទាំងបានរៀបចំកម្មវិធីធំៗមួយចំនួន ដើម្បីអបអរសាទរនូវខួបនេះ ដើម្បីបន្ដរឹតចំណងប្រទេសទាំងពីរផងដែរ។

លោក ប្រាក់ សុខុន បានជម្រាបជូនលោក ស្យុង ប័រ ដោយសង្ឃឹមថា លោកអាចនឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ក្រោយពីបង្កើតរាជរដ្ឋាភិបាលថ្មី។

ឯកអគ្គរដ្ឋទូតចិន ក៏បានសម្ដែងនូវការសប្បាយរីករាយហើយអះអាងថា ស្ថានទូតចិននៅរាជធានីភ្នំពេញ នឹងរៀបចំដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ឲ្យបានឆាប់ៗនេះ។

សូមជម្រាប លោក ស្យុង ប័រ ត្រូវបានរាជរដ្ឋាភិបាលចិន ជ្រើសតាំងឲ្យមកបំពេញបេសកកម្មកាទូតនៅកម្ពុជា កាលពីអំឡុងឆ្នាំ២០១៦ ហើយមកដល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ ដែលលោកត្រូវបានបញ្ចប់អាណត្តិកាទូតនេះ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ឯកអគ្គរដ្ឋទូតថ្មី ដែលនឹងត្រូវមកបន្ដបេសកកម្មកាទូតនេះ ក្រសួងការបរទេសកម្ពុជា មិនទាន់បានបញ្ជាក់នៅឡើយ៕​