(សៀមរាប)៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ទឹកបឹងទន្លេសាប​ចំនួន១៦១គ្រួសារ ក្នុងឃុំអន្លង់សំណរ ឃុំជីក្រែង ដែលបានមកស្នាក់ទីទួលសុវត្ថិភាព​ទំនប់៧៨ និង​ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ​ត្រូវបានលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និង​ជាអភិបាលខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ចែកជូនជនរងគ្រោះ នៅ​ព្រឹកថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

តាមសេចក្តីរាយការណ៍របស់ លោក ពៅ ប៊ុនធឿន ប្រធានអនុសាខា និង​ជាអភិបាល​ស្រុកជីក្រែង បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ដល់ទី១៩​កន្លងមកនេះ នៅភូមិសាស្ត្រស្រុកជីក្រែង បានទទួលរងឥទ្ធិ​ពលទឹកភ្លៀង ខ្យល់កន្ទ្រាក់ បាតុភូតផ្គរន្ទះ ព្រមទាំងធ្វើឲ្យមានជំនន់ទឹកភ្លៀងបានលិចផ្ទះសម្បែង និង​ដំណាំស្រូវរបស់ប្រជាពលរដ្ឋ រួមមានរន្ទះបាញ់រងរបួសកុមារ៣នាក់​, លំនៅដ្ឋានលិចទឹកដោយជំនន់ទឹកភ្លៀង និង​ទឹកបឹងទន្លេ​សាប មាន​៨៤១ខ្នង មានឃុំជីក្រែង​, អន្លង់សំណរ​, គោកធ្លកលើ​, គោកធ្លក្រោម​, និងឃុំសង្វើយ ហើយលំនៅដ្ឋាន​លិចធ្ងន់ធ្ងរ ចំនួន២០៧គ្រួសារ ឃុំសង្វើយ ៤៦គ្រួសារ​, ឃុំអន្លង់សំណរ​១៣១គ្រួសារ និង​ឃុំជីក្រែង​៣០គ្រួសារ ​និង​លិចស្រូវ ចំនួន​៧៣៩ហិកតា ស្មើ​៧៣៧គ្រួសារ នៅឃុំជីក្រែង ឃុំគោកធ្លកលើ និង​ធ្វើឲ្យខូចខាតហេដ្ឋារចនា​សម្ព័ន្ធជាច្រើនកន្លែងទៀតផង។

ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានលើកឡើងថា អំណោយដែលលោកតា លោកយាយ បងប្អូន ពូមីង​ទទួលបាននៅពេលនេះ ក្រោមការយកចិត្តទុកដាក់​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះទុក្ខលំបាក និងជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋ ដោយមិនបានទុកឲ្យជនណាម្នាក់ស្លាប់ដោយឥតអាហារនោះឡើយ​។

ម៉្យាងទៀតដោយនៅថ្ងៃខាងមុខនេះ ដែល​ប្រជាពលរដ្ឋខ្មែរយើង ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និង​ទទួលបានសេចក្តីរាយការពីអាជ្ញាធរមូលដ្ឋាន អំពីករណីទឹកជំនន់ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនទើបថ្ងៃនេះ ក្រុមប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកនូវអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូន ដោយមិនបានប្រកាន់នូវនិន្នាការនយោបាយណាឡើយ ដើម្បី​យកទៅប្រើប្រាស់ ក្នុងពេលបុណ្យភ្ជំបិណ្ឌនេះ នៅពេលដែលបងប្អួនជួបនូវជីវភាពខ្វះខាត សំខាន់ជនចាស់ជរាគ្មានទីពឹង ជនពិការទៀតផង។

លោក ឃឹម ប៊ុនសុង ​ក៏បានសម្តែងនូវការអាណិតអាសូរចំពោះពលរដ្ឋដែលមានជីវភាពខ្វះខាត និង​ចាស់ជរាគ្មានទីពឹង ព្រមទាំងបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចសម្តេចប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូដល់បងប្អូនរងគ្រោះ គ្រប់កាលៈទេសៈ ដោយមិនទុកបងប្អូនណាម្នាក់ស្លាប់ដោយឥតអាហារឡើយ​។

ជាមួយគ្នានេះ លោកក៏បានធ្វើការណែនាំ ចំពោះ​ប្រជាពលរដ្ឋគ្រប់រូប សំខាន់បងប្អូនស្ត្រីមានកូនតូច និង​មានផ្ទៃពោះត្រូវយកចិត្តទុកដាក់ថែទាំសុខភាពទាំងម្តាយ និង​កូន​។ ម៉្យាងទៀតពលរដ្ឋទាំងអស់ ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលភូមិដ្ឋានដែលរងការលិចទឹក ចំពោះកូនចៅ កុមារតូចៗ ​កុំឲ្យចុះលេងទឹក ខ្លាចមានកើតនូវប្រការអាក្រក់ណាមួយ ចំពោះក្រុមគ្រួសារ​នៅពេលមានទឹកជំនន់នេះ​។

លោក ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ និង​ណែនាំដល់​ប្រជាពលរដ្ឋរងគ្រោះទាំងពីរឃុំ ដែលបានមកបោះតាំងលំនៅ​បណ្តោះអាសន្នលើទីទួលសុវត្ថិភាព និង​ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាព ដោយបរិភោគទឹកស្អាត សំខាន់ត្រូវមានការប្រុងប្រយ័ត្ន និង​បង្ការឲ្យបានខ្ពស់ចំពោះសត្វអសិរពឹស ព្រមទាំងធ្វើអនាម័យ បរិស្ថាន នៅជុំវិញលំនៅដ្ឋានក្រោយពេលទឹកស្រក​។

ក្នុងនោះលោកក៏បានថ្លែងអំណរគុណ ចំពោះអង្គការទស្សនៈពិភពលោក ដែលបានរួមសហការជាមួយ​អាជ្ញាធរមូលដ្ឋាន ជួយឧបត្ថម្ភនូវសម្ភារមួយចំនួន ដល់បងប្អូនរងគ្រោះផងដែរ​។ អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន មានមុង១​, ក្រមា និងខោអាវ១កញ្ចប់​, ត្រីខ​១យួរ​, មី​១កេស​, អង្ករ​២៥គីឡូក្រាម​, ទឹកសុទ្ធ​២យួរ​, តង់១ ​និង​ថវិកា​៥០,០០០រៀល​​៕​