(ភ្នំពេញ-កំពង់ស្ពឺ)៖ ជនសង្ស័យចំនួន៣នាក់ ដោយក្នុងនោះ មានបុរសជាជនជាតិខ្មែរ២នាក់ និងឡាវម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបនៅក្នុង២ករណីផ្សេងគ្នា នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដកហូតបាន ថ្នាំញៀនជិត២គីឡូក្រាមកន្លះ និងវត្ថុតាងមួយចំនួនទៀត។

បើតាមលោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

លោក យិន​ បញ្ញារិទ្ធ បានបញ្ជាក់ថា

* ករណីទី១ បានកើតឡើង នៅវេលាម៉ោង ២៣៖១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងនោះ ចាប់ឃាត់ខ្លួន ជាក់ស្ដែង ជនសង្ស័យចំនួន២នាក់ កំពុងលក់គ្រឿងញៀន រួមមាន៖

ទី១៖ ឈ្មោះ ឡោ សុគន្ធា ភេទប្រុស ជនជាតិខ្មែរ អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ទី២៖ ឈ្មោះ ស៊ីង ធីន អ៊ូថង អាយុ២៨ឆ្នាំ ជនជាតិឡាវ មានទីលំនៅវៀងច័ន្ទ ប្រទេសឡាវ។ ដកហូតថ្នាំញៀន ជាក់ស្ដែង បាន២កញ្ចប់ធំ ប្រហែល២គីឡូក្រាម ទូរស័ព្វ២គ្រឿង។

* ករណីទី២ បានកើតឡើង នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយអនុវត្តន៍តាមវិធានញុះញង់ កម្លាំងជំនាញ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់។

ជាលទ្ធផល៖ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ឡោ សុខហួ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាង៖ ថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន១កញ្ចប់ ទម្ងន់សុទ្ធប្រមាណ ៤៩៤,៨១ក្រាម និងម៉ូតូ១គ្រឿង ម៉ាក YAMAHA R6។

នាយការិយាល័យរូបនេះ បានបន្តថា សម្រាប់ប្រតិបត្តិការខាងលើ បានធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនគ្រឿងញៀន និងប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ៕