(ព្រៃវែង)៖ រយៈពេលពីរថ្ងៃ​ គឺនៅថ្ងៃទី ២០-២១​ ខែកញ្ញា​ ឆ្នាំ២០១៨ នេះ​ កាកបាទក្រហមកម្ពុជា​ (ហៅកាត់ថា កក្រក)​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យ​ក្រុមការងារចុះសួរសុខទុក្ខ​ និងចែកអំណោយដោយផ្ទាល់ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់​​ចំនួន​ ២,១៦៣គ្រួសារ​ រស់នៅស្រុកព្រះស្តេច​ ស្រុកពាមជរ​ និងស្រុកពាមរក៍​ ខេត្តព្រៃវែង។​

ពិធីនេះរៀបចំឡើងនៅវិទ្យាល័យព្រែកក្របៅ​ ស្ថិតក្នុងភូមិឧត្តុង្គ​ ឃុំព្រែកក្របៅ​ ស្រុកពាមជរ​ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ​ ១,៦០០គ្រួសារ​ ដែលដឹកនាំក្រុមការងារចុះចែកដោយ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការស្តីទី​ នៅព្រឹកថ្ងៃទី​ ២១​ ខែកញ្ញា​ នេះ​ ដែលរៀបចំឡើងនៅ​សាលាស្រុកព្រះស្តេច​ ស្ថិតនៅក្នុងភូមិក្រសាំងទង​ ឃុំអង្គររាជ​ ។ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ​ ៥៦៣គ្រួសារ​ទៀត ដឹកនាំក្រុមការងារចុះចែកដោយ លោក យូ​ ឡាណា​ អគ្គលេខាធិការរងទី​ ២​ កាលពីថ្ងៃទី​ ២០​ ខែកញ្ញា​ ម្សិលម៉ិញនេះ។

ក្នុងពិធីចុះចែកអំណោយមនុស្សធម៌នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ​ និងសារអំពាវនាវពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារផ្តោតសំខាន់ទៅលើ​ការថែទាំសុខភាព​, ការបង្ការជំងឺគ្រុនចាញ់​-គ្រុនឈាម​ និងជំងឺឆ្លងនានា​,​និងការជៀសឆ្ងាយពីគ្រឿងញៀន​ គ្រឿងស្រវឹង​ ល្បែងស៊ីសងគ្រប់ប្រភេទ ការគិតគូរពីសុវត្ថិភាពចរាចរណ៍,​ ការបន្តបង្កបង្កើនផល​ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ​ ការរួមគ្នាពង្រឹង និងថែរក្សាសុខសន្តិភាព​ ស្ថិរភាព​ និងអភិវឌ្ឍនភាពប្រទេសជាតិ ។

ជាមួយគ្នានោះ លោកឧកញ៉ា​ សុខ​ ផេង​ អនុប្រធានអចិន្ត្រៃយ៍គណៈ​កម្មាធិការសាខាកក្រក ខេត្តព្រៃវែង​ ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ​ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាក ដោយមិនរើសអើងជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ។

សម្រាប់អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​ ១​ ក្រមា១​ និងអាវយ៉ឺត​ ១។​ ដោយឡែក​ សាខាកក្រក ខេត្តព្រៃវែង​ បានឧបត្ថម្ភថវិកាបន្ថែមសម្រាប់ថ្លៃធ្វើដំណើរ​ ១ម៉ឺនរៀលថែមទៀត។

សូមបញ្ជាក់ជូនថា​ ចាប់តាំងពីថ្ងៃទី​ ១៨​ ខែកក្កដា​ ដល់ថ្ងៃទី​ ២១​ ខែកញ្ញា​ ឆ្នាំ២០១៨​នេះ​ កាកបាទក្រហមកម្ពុជា​ បានធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់​ក្នុងខេត្តចំនួន​ ១៧ បើគិតជាគ្រួសារបានសរុបចំនួន ៣៨,៧២៥គ្រួសារហើយ៕