(​ព្រះសីហនុ)​៖ មុខសញ្ញា​គ្រឿងញៀនដ៏សកម្មម្នាក់​ ត្រូវ​បានកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកស្ទឹងហាវ សហការជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល ​ឃុំទំនប់រលក ខេត្តព្រះសីហនុ ឃាត់ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀនចំនួន​៨​កញ្ចប់​ នៅចំណុចក្រុមទី១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ នាព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

បើតាមលោក​វរសេនីយ៍ទោ​ សួស សីលា នាយការិយាល័យ​នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តព្រះសីហនុ​ បានបញ្ជាក់ប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ជា រស្មី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុច ក្រុមទី១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ ​

លោក​វរសេនីយ៍ទោ​ សួស សីលា បានបញ្ជាក់ទៀតថា ដោយក្នុងនោះ ចាប់​យក​បាន​ម្សៅ​ក្រាម​ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៨កញ្ចប់តូច​ ទូរស័ព្ទម៉ាក vivo ១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕​