(ភ្នំពេញ)៖ ខណៈវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងជប៉ុន នៅតែបន្តពង្រឹង និងពង្រីកជាបន្តបន្ទាប់មកនោះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ បានលើកយកបញ្ហាទាំងនេះមកពិភាក្សាគ្នាសាជាថ្មី ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាលើការរិះរកមធ្យោបាយ និងវិធីសាស្រ្តថ្មីៗ ក្នុងការបន្តពង្រីកវិស័យទាំងបីខាងលើ ឱ្យកាន់តែស៊ីជម្រៅល្អិតល្អន់ថែមទៀត។

តាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កិច្ចពិភាក្សាទ្វេភាគីនេះត្រូវបានធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅទីក្រុងតូក្យូ ពោលគឺធ្វើឡើងក្នុងឱកាសដែល លោក ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសជប៉ុន។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ដោយរំឭកពីការរួមចំណែកយ៉ាងសំខាន់របស់ជប៉ុន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណើរការកសាងសន្តិភាព ស្តារនីតិសម្បទាឡើងវិញ និងអភិវឌ្ឍ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គម និងប្រជាធិបតេយ្យនៅកម្ពុជា។

សេចក្ដីប្រកាសដដែលបានបន្តថា «រដ្ឋមន្រ្តីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយ និងវិធីសាស្រ្តក្នុងការធ្វើឱ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ដូចជាការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍»

រដ្ឋមន្ដ្រីទាំងពីរបានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការចាប់អារម្មណ៍ដូចគ្នា ដូចជា អនាគតនៃក្របខណ្ឌមេគង្គ-ជប៉ុន និងអត្ថប្រយោជន៍នៃការសម្រេចឱ្យបានឆាប់ នូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership - RCEP) និងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។

លោក ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់ជប៉ុន ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី ដូចជា មេគង្គ-ជប៉ុន យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) អាស៊ាន និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប។

ក្នុងអំឡុងពេលស្នាក់នៅរយៈពេលខ្លី ក្នុងទីក្រុងតូក្យូ ប្រមុខការទូតកម្ពុជាក៏បានជួបដាច់ដោយឡែកពីគ្នា ជាមួយអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី, អនុរដ្ឋមន្រ្តីការបរទេស, ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា, ប្រធានសមាគមមិត្តភាពសភាជប៉ុន-មេគង្គ និងប្រធានគណបក្សកុមីអ៉ិតុ (Komeito party)។ កិច្ចពិភាក្សាផ្តោតជុំវិញការពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរគ្នារវាងសភា និងគណបក្សនៃប្រទេសទាំងពីរ។

លើសពីនេះ លោក ប្រាក់ សុខុន ថែមទៀតបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសជប៉ុន ហើយលោកបានសួរសុខទុក្ខ និងជម្រាបជូនពួកគាត់អំពីស្ថានការណ៍បច្ចុប្បន្ននៅកម្ពុជាផងដែរ៕