(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦។ សន្និបាតនេះមានរយៈពេល២ថ្ងៃ ដែលធ្វើនៅសាលសន្និបាតសាលាខេត្តកំពត។

ថ្លែងក្នុងឱកាសនោះ លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា សន្និបាតនេះធ្វើឡើងបូកសរុប និងវាយតម្លៃ លើលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ និងស្វែងយល់ពីបញ្ហានប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងដំណោះស្រាយ ដើម្បីជាបទពិសោធន៍យកទៅធ្វើការកែលម្អ ការបោះឆ្នោតលើកក្រោយៗទៀត ឲ្យទទួលបានលទ្ធផលកាន់តែជោគជ័យជាងនេះ។

បើតាមលោក នុត សុខុម ប្រធានបទនៃសន្និបាតនេះ មានចំនួន៥រួមមាន ទី១៖ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧, ទី២៖ការឃោសនាបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត, ទី៣៖ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផល និងការប្រកាសផ្សាយលទ្ធផលនៃការបោះឆ្នោត, ទី៤៖ការងារបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត និងទី៥៖ការចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង ការងារសន្ដិសុខ ការងារអ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ។

សូមជម្រាបថា សន្និបាតនេះ នឹងបិទបញ្ចប់នៅ​រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដែលពិធីបិទអង្គសន្និបាត នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប៕