(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានផ្តាំផ្ញើដល់ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ ឲ្យផ្សព្វផ្សាយការពិតពីកម្ពុជាដល់យុវជនអាស៊ាន ខណៈដែលប្រទេសបច្ចុប្បន្ន មានសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការផ្តាំផ្ញើនេះខណៈលោកអភិបាល បានជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាជាង៣០នាក់ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ មុនពេលពួកគេនឹងធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេស៤ ដែលរៀបចំដោយប្រទេសជប៉ុនជាមួយយុវជនប្រទេសអាស៊ានមួយចំនួន និងប្រទេសជប៉ុនសរុបជាង៣០០នាក់។

លោក ឃួង ស្រេង បានផ្តាំផ្ញើដល់ក្រុមយុវជនជាង៣០នាក់ ដែលដឹកនាំដោយលោក ស៊្រាង គឹមលី ថា «យុវជនយើងត្រូវធ្វើការផ្សព្វផ្សាយពីសភាពការណ៍ពិត នៅកម្ពុជាដល់យុវជនបណ្តា ប្រទេសអាស៊ាន និងយុវជនជប៉ុនឲ្យបានយល់ដឹងកាន់តែច្បាស់ពីកម្ពុជា។ ជាពិសេសស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យកម្ពុជា មានឈ្មោះបោះសំឡេងលើឆាកតំបន់ និងអន្តរជាតិ»។

លោកអភិបាល បានបន្តថា យុវជនរបស់យើងត្រូវហ៊ានបកស្រាយ និងពន្យល់ដល់យុវជនអាស៊ាន និងយុវជនជប៉ុនពីប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងធ្វើសកម្មភាពដោយស្មើមុខ និងស្មើភាព។

ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានឲ្យដឹងថា នេះជាការធ្វើដំណើរជាលើកទី៤៥ ហើយដោយធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេស៤ នៅតំបន់អាស៊ានរួមមាន ប្រុយណេ, ហ្វីលីពីន, ថៃ និងវៀតណាម ដែលមានយុវជនអាស៊ាន និងយុជនជប៉ុនសរុបចំនួន៣៣០នាក់ ដោយជូបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនដើម្បីបើកកម្មវិធីជាផ្លូវការ។

កម្មវិធីធ្វើដំណើរតាមនាវាក្រោមការជួយឧបត្ថម្ភពីប្រទេសជប៉ុននេះ មានរយៈពេល៥២ថ្ងៃ ដោយចាប់ចេញដំណើរពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន តាមរយៈយុវជនដោយផ្តោតសំខាន់ទៅលើការប្រជុំពិភាក្សា ការសំដែងសិល្បៈ វប្បធម៌ និងការធ្វើដំណើរ។

ក្នុងឱកាសនោះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្តល់ជូនថវិកាចំនួន៥០០០ដុល្លារដល់ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សំរាប់ប្រើប្រាស់ក្នុងការធ្វើដំណើរផងដែរ៕