(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2018មុនគេ ក្នុងចំណោមប្រទេសអាស៊ាន ដោយប្រកួតបើកឆាកនៅរាជធានីភ្នំពេញជាមួយម៉ាឡេស៊ីនៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៨។

ដំណើរនៃការប្រកួតពានប្រចាំតំបន់អាស៊ាននេះ បន្ទាប់ពីកម្ពុជា នឹងធ្វើដំណើរទៅកាន់ទីក្រុង បាងកក (ថៃ) ហាណូយ (វៀតណាម) ហ្សាការតា (ឥណ្ឌូនេស៊ី) ម៉ានីល (ហ្វីលីពីន) និងយ៉ាងហ្គួន (មីយ៉ាន់ម៉ា)។

AFF Suzuki Cupគឺជាការប្រកួតដណ្តើមជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ជារៀងរាល់២ឆ្នាំម្តងដែលរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ាន(AFF)និងមានការទទួលស្គាល់ពីហ្វីហ្វា(FIFA)។

ប្រទេសដែលចូលរួមលេងក្នុង AFF Suzuki Cup 2018 មានចំនួន១០ប្រទេសចែកចេញជា២ពូលកឺ ពូលA មានកម្ពុជា វៀតណាម ម៉ាឡេស៊ី ឡាវ និងមីយ៉ាន់ម៉ា ចំណែកពូលBមាន ថៃ (ក្រុមការពារតំណែងជើងឯក) ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត។ ក្រុមជម្រើសជាតិទាំង១០ប្រទេសនេះ នឹងប្រកួតដណ្តើមតំណែង AFF Suzuki Cupនេះ ចាប់ពីថ្ងៃទី៨ខែ៨ ខែវិច្ឆិកាដល់១៥ខែធ្នូឆ្នាំ២០១៨។ការប្រកួតនឹងចេញដំណើរពីរាជធានីភ្នំពេញ។

សូមបញ្ជាក់ថាការចាប់ឆ្នោតជ្រើសរើសពូលសម្រាប់ AFF Suzuki Cup 2018 បានត្រូវធ្វើឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នៅប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងពិធីប្រកាស AFF Suzuki Cup 2018 កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ លោក ណូប៊ុយអូ គីដូកូរ៉ូ នាយកក្រុមហ៊ុនខេមបូឌាស៊ុយហ្ស៊ុយគីម៉ូទ័រ បានថ្លែងថា ក្រុមហ៊ុន ស៊ុយហ្ស៊ុយគី បានឧបត្ថម្ភ AFF Suzuki Cup តាំងពីឆ្នាំ២០០៨មក ក្នុងគោលបំណងលើកស្ទួយវិស័យកីឡា។ឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប១០ឆ្នាំនៃការឧបត្ថម្ភរបស់ស៊ុយហ្ស៊ុយគីដល់AFF Suzuki Cupនេះជាលើកទី១ហើយ ដែល AFF Suzuki Cupនឹងត្រូវធ្វើឡើងក្នុងប្រទេសកម្ពុជា។

លោកសង្ឃឹមថា ក្រុមជម្រើសជាតិកម្ពុជា ដែលបង្វឹកដោយលោកហុងដា នឹងទទួលបានលទ្ធផលល្អក្នុងការប្រកួត។

សូមជម្រាបអតីតប្រធានក្រុមជម្រើសជាតិកម្ពុជា និងបច្ចុប្បន្នជាគ្រូជំនួយជម្រើសជាតិ អ៊ុង កនយ៉ានិត្យ កីឡាករយុវជនឆ្នើមៗ រូមជាមួយអគ្គនាយកក្រុមហ៊ុន OMC លោក ឧកញ៉ា ស៊ីវ ថៃ និងតំណាងក្រុមហ៊ុនជប៉ុន បានចូលរួមនៅក្នុងពីធីប្រកាស AFF Suzuki Cup 2018 នៅផ្សារទំនើបអ៊ីអន១៕