(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសហការគ្នាបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់២ករណី ដោយដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន និងចាក់លែងកូនត្រីចម្រុះចូលទឹកវិញ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ​ឯម កុសល បានឲ្យដឹងថា ​ក្រោយពីទទួលបានព័ត៌មាន​ អំពីបទល្មើសនេសាទខុសច្បាប់​  លោកចាត់បញ្ជា​អធិការនគរបាលស្រុកកំពង់សៀម សហការជាមួយ​​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ​,​ ស្រក​ ប្រជាការពារ​ និងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម ដឹកនាំដោយលោក​ យី​ វណ្ណៈ អភិបាលរង​ស្រុកកំពង់សៀម ដោយមានការចង្អុលបង្ហាញពីលោក​ ប៊ិន​ ឡាដា​ អភិបាល​ស្រុកកំពង់សៀម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់​តែម្ដង។

បើតាមលោកឧត្ដមសេនីយ៍ស្នងការ ករណីទី១ នៅចំណុចភូមិបឹងក្តី​ ឃុំវិហារធំ ស្រុកកំពង់សៀម ជាលទ្ធផលលូស្បៃមុង​ ចំនួន​​៣​មាត់, របាំងព្រួល​ ប្រវែង​​១៥០​​ម៉ែត្រ, បង្គោលឬស្សី​ ចំនួន​​៣០​​ដើម
។ ចំពោះសម្ភារវត្ថុតាង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំបណ្តោះអាសន្ន​ ដើម្បីរង់ចាំបទបញ្ជាចាត់ការបន្ត។​

ករណីទី២ ​នៅចំណុចមុខវត្តព្រះកែវឧទ្យាល្ពាក​ និងក្បាលទំនប់ត្រួយចេក​​ ស្ថិតក្នុង​ឃុំស្រក ស្រុកកំពង់សៀម ជាលទ្ធផល​លូស្បៃមុង ចំនួន​​៥​មាត់, របាំងព្រួល​​ប្រវែង​២៥០​ម៉ែត្រ
 និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិចំនួន​ ៣​គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង បានដុតបំផ្លាញចោលនៅនឹងកន្លែង​ ដោយមានការឯកភាពពី​ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕