(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រកាសគាំទ្រគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ របស់ក្រុមហ៊ុន Khmer First Investment Holding Group នៅក្នុងទីក្រុងគុនមីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងកម្ពុជា និងចិន។

ការប្រកាសរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយ លោក កៅ យ៉ុនទ័រ (Kao Yun De) នាយកប្រតិបត្តិក្រុមហ៊ុន Khmer First Investment Holding Group និងលោកស្រី លាំង ស៊ាវណាន់ (Lang Xaionan) នាយិកាក្រុមហ៊ុន Yunnan Xiang Long Investment Co., Ltd នៅទីស្តីពីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន និងបានជម្រាបជូនពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍវិស័យឯកជន និងការពង្រីកទីផ្សារទៅក្រៅប្រទេស។ លោករដ្ឋមន្ត្រី បានស្នើដល់ លោក កៅ យ៉ុនទ័រ និងអ្នកស្រី លាំង ស៊ាវណាន់ ធ្វើការជាមួយរដ្ឋបាលខេត្តយូណាន ដើម្បីស្វែងរកការគាំទ្រពីក្រសួងពាណិជ្ជកម្មចិន នៅក្នុងទីក្រុងប៉េកាំងជាមុនសិន ហើយក្រសួងពាណិជ្ជកម្ម រង់ចាំជួយសម្របសម្រួលគម្រោងនេះ ឲ្យសម្រេចបានតាមផែនការ។

ជាការឆ្លើយតប លោក កៅ យ៉ុនទ័រ និងអ្នកស្រី លាំង ស៊ាវណាន់ បានថ្លែងអំណរគុណលោក ប៉ាន សូរស័ក្តិ សម្រាប់ការគាំទ្រនាពេលកន្លងមក និងបានចែករំលែកនូវអនុសាសន៍ល្អៗ ដើម្បីជំរុញការងារបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ នៅក្នុងទីក្រុងគុនមីង នៃខេត្តយូណាន។

តំណាងក្រុមហ៊ុនទាំងពីរ បានសន្យាបង្កើតមជ្ឈមណ្ឌលនេះឱ្យបានច្រើន នៅតាមទីក្រុងដ៏ទៃទៀត នៅក្នុងខេត្តយូណាន ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលប្រទេសកម្ពុជា ព្រមទាំងខិតខំកៀងគរវិនិយោគិនខេត្តយូណាន ឱ្យមកធ្វើការបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា នាពេលអនាគត។

គួររំលឹកដែរថា ដើម្បីស្វែងរកទីផ្សារថ្មីៗសម្រាប់ផលិតករ និងសហគ្រិនកម្ពុជា ក្រសួងពាណិជ្ជកម្ម កន្លងមកបានសហការជាមួយវិស័យឯកជន បង្កើតឲ្យមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៥កន្លែង នៅតាមបណ្តាទីក្រុងធំៗ នៃខេត្តសំខាន់ៗរបស់ប្រទេសចិន មានដូចជា៖ ក្វាងចូវ, ហៃនីង, ស៊ីអាន, ហុងកុង និងប៉េកាំង។ តាមរយៈការបង្កើតមជ្ឈមណ្ឌលនេះ មិនត្រឹមធ្វើឱ្យផលិតផលខ្មែរ បង្ហាញវត្តមានច្រើនឡើងៗនៅលើទីផ្សារប្រទេសចិន ប៉ុណ្ណោះទេ ប៉ុន្តែវិស័យទេសចរណ៍ និងវប្បធម៌ជាតិ ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ៕