(ព្រះវិហារ)៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចំនួន១៨៣នាក់ ត្រូវបានបំពាក់ឋានន្តរស័ក្តិ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង។

ពិធីនេះស្ថិតក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីលោកស្នងការរង នាយ នាយរងការិយាលយ័ លោកអធិការ អធិការរង និងនាយប៉ុស្តិ៍នគរបានជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានថ្លែងថា ថ្ងៃនេះលោកមានក្តីរីករាយ និងសូមអបអរសារទរចំពោះនាយ នាយរងនគរបាលរបស់យើង ដែលថ្ងៃនេះត្រូវបានប្រកាសតែងតាំងមុខតំណែងផង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិផង។

លោកបន្តថា នេះជាក្តីប៉ងប្រាថ្នារបស់នាយ នាយរងនគរបាលដែលយើង បានខិតខំបំពេញភារកិច្ចបំរើប្រទេសជាតិ ពិសេសបំរើប្រជាជនរបស់យើង ហើយសេចក្តីប៉ងប្រាថ្នានេះ លោកគិតថា បុគ្គលគ្រប់រូបពិតជាបានលះបង់គ្រប់បែបយ៉ាង ដើម្បីបំរើជាតិមាតុភូមិ ប៉ុន្តែក៏មិនភ្លេចនូវអ្វីដែលជាការចង់បានទាំងបុគ្គល់ខ្លួនឯងផង ទាំងក្រុមគ្រួសារសាច់ញាតិរបស់យើងផង។ ថ្ងៃនេះយើងទទួលកិត្តិយស ក៏ជាមោទនភាពរបស់អង្គភាពទាំងមូល ជំនួសមុខឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកសូមសំដែងនូវការអបអរសារទរចំពោះអ្វីដែលប្អូនៗ ទទួលបាននៅថ្ងៃនេះ។

លោកស្នងការបានបន្តថា ថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៨។ បន្ទាប់ពីបានស្តាប់របាយការណ៍លោក លោកស្រី ជាថ្នាក់ដឹកនាំតាមជំនាញរួចមក បានកត់សំគាល់ឃើញថា អស់លោក លោកស្រីជាថ្នាក់ដឹកនាំ គ្រប់ជំនាញពាក់ព័ន្ធ ក៏ដូចជាតាមបណ្តាអធិការក្រុង ស្រុកបានយកចិត្តទុកដាក់អនុវត្តន៍តាមតួនាទីភារិច្ច ក្នុងការបំពេញតួនាទីភារិច្ចសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងឆ្លើយតបទៅនិងសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅមូលដ្ឋានផងដែរ។

លទ្ធផលដែលយើងទទួលបាននៅពេលនេះ សបញ្ជាក់ឲ្យឃើញថា កិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងទទួលខុសត្រូវរបស់ងស់លោក លោកស្រីចំពោះកិច្ចការងារតាមជំនាញរៀងៗខ្លួន។ ក្នុងនាមថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត លោកសូមសំដែងនូវការកោតសរសើរ ចំពោះអស់លោក លោកស្រីដែលបាមខិតខំយកចិត្តទុកដាក់ ទទួលខុសត្រូវ និងអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ទន្ទឹមនិងនេះអ្វីដែលជាចំណុចកង្វះខាតយើង បានយកមកឆ្នៃប្រឌិតឲ្យប្រសើរឡើងវិញផងដែរ។

ជាមួយគ្នានេះផងដែរ លោកស្នងការបានជុំរុញឲ្យកងកម្លាំងយើងត្រូវអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចឲ្យទទួលបានជោគជ័យ។ ទន្ទឹមនិងនោះលោកក៏បានស្នើរឲ្យកម្លាំងទាំងអស់ត្រូរួបរួមគ្នាចាប់ពីប៉ុស្តិ៍នគរបាល រហូតឡើងមកដល់ស្នងការដ្ឋាននគរបាលខេត្ត ទើបយើងអនុវត្តបំពេញភារកិច្ចទៅទទួលបានជោគជ័យ។

លោកក៏សំណូមពរដល់នាយ នាយរងនគរបាលដែលទទួលបានការតែងតាំងមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិនៅពេលនេះ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែខ្លាំងថែមទៀត ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ត្រូវខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរផងដែរ។

សូមបញ្ជាក់ថា មន្ត្រីនគរបាលដែលត្រូវបំពាក់ឋានន្តរស័ក្តិ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងរួមមាន៖ ត្រូវតម្លើងឋានន្តរស័ក្តិចំនួន១២៧នាក់ គឺថ្នាក់អនុសេនីយ៍ឯក២៧នាក់ ថ្នាក់អនុសេនីយ៍៣៣នាក់ ថ្នាក់អនុសេនីយ៍ត្រី៣៤នាក់ ថ្នាក់ព្រន្ទបាលឯក២៨នាក់ ថ្នាក់ព្រិន្ទបាលទោ៣នាក់ និងថ្នាក់ពលបាលទោ២នាក់។ ក្នុងនោះក៏មានការផ្ទេភារកិច្ច និងតែងតាំងមុខតំណែងចំនួន៩២នាក់ផងដែរ៕