(ភ្នំពេញ)៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រកាសបើកវគ្គបណ្តុះបណ្តាល២ថ្ងៃ សម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ២០រូប ប្រធានក្រុមប្រឹក្សាខណ្ឌ១២រូប គណៈអភិបាល៣ និងមន្រ្តីទីចាត់ការចំណុះសាលារាជធានីសរុបប្រមាណ៩០រូប អំពីមេរៀនចំនួនពីរគឺ ១-គោលការណ៍ជាសាកលនៃអភិបាលកិច្ចល្អ និង ២- ការតម្រង់ទិសដល់ក្រុមប្រឹក្សាទើបកាន់តំណែងថ្មី។

លោកស្រី មុំ ក្រសាល ប្រធានគណៈកម្មការអភិវឌ្ឍន៍សមត្ថភាព របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ថ្លែងថា ការបណ្តុះបណ្តាលលើមេរៀនទាំងពីរ ធ្វើឡើងនៅក្រុមប្រឹក្សារាជធានី ខេត្ត ទាំង ២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សមាជិកក្រុមប្រឹក្សា ៣៩៣រូប នៅទូទាំងប្រទេស អំពីទ្រឹស្តី និងឆ្លុះបញ្ចាំងអំពីការអនុវត្តជាក់ស្តែង។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅសាលារាជធានីភ្នំពេញ ក្រោមការគាំទ្របច្ចេកទេស និងថវិកាពីសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត សម្របសម្រួលដោយលោកស្រី ប្រាក់ ពុទ្ធី សមាជិកក្រុមប្រឹក្សាខេត្តត្បូងស្វាយរៀង និងជាគ្រូឧទ្ទេសពីសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និង លោក វ៉ាន់ ថេន គ្រូឧទ្ទេសឯករាជ្យ៕