(ព្រះវិហារ)៖ ក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់ ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីរកវិធីសាស្ត្រ ក្នុងការលុបបំបាត់ជម្ងឺគ្រុនចាញ់ឲ្យអស់ពីខេត្តព្រះវិហារ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំពិសេនេះ ស្ថិតក្រោមវត្តមានលោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងមានការចូលរួពីលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងលោកអភិបាលក្រុងស្រុកទាំង៨ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។

លោកស្រី ចឹក ហេង បានថ្លែងថា ជម្ងឺគ្រុនចាញ់ហាក់មានការហក់ខ្លាំងមួយរយៈនៅក្នុងខេត្តព្រះវិហាររបស់យើង។ លោកស្រីបានបន្តទៀតថា ការកើនឡើងនៃជម្ងឺគ្រុនចាញ់នេះ គឺកើតឡើងភាគច្រើនទៅលើបងប្អូនចំណាកស្រុក ដែលរកស៊ីនៅក្នុងព្រៃ ហើយជម្ងឺគ្រុនចាញ់នេះក៏កើតមានស្ទើរគ្រប់តំបន់ នៅក្នុងខេត្តព្រះវិហារយើងនេះ ហើយបើតាមរបាយការណ៍គឺមានរៀងរាល់ថ្ងៃ។ ប៉ុន្តែបើយើងមិនបានធ្វើការគិតគូទេ នៅតាមមណ្ឌុលសុខភាព ហើយមិនមានអ្នកស្មគ្រ័ចិត្តទេ យើងក៏មិនអាចធ្វើការលប់បំបាត់តាមផែនការយុទ្ធសាស្ត្ររបស់ជាតិដែរ។

លោកស្រីអភិបាលរងខេត្តបានបន្តទៀតថា «យើងគួរតែពង្រឹងប្រពន្ធ័សុខាភិបាលយើងម្តងទៀត មិនមែនមាននយ័ថាការងារនេះយើងមិនបានធ្វើនោះទេ តែយើងត្រូវពង្រឹងជាប្រចាំ នៅសេវាសុខាភិបាលយើងគ្រប់មូលដ្ឋាន ឲ្យទាក់ទងនិងសុខាភិបាល និងអ្នកស្មគ្រ័ចិត្តគឺយើងត្រូវធ្វើការពង្រឹងឡើងវិញដែរ ដើម្បីព្យាបាលជម្ងឺគ្រុនចាញ់របស់បងប្អូន យើងពេលមកដល់មន្ទីពេទ្យ ឫមណ្ឌុលសុខភាព»។

ជាមួយគ្នានេះផងដែរ លោកស្រី ចឹក ហេង ក៏បានសំណូមពរដល់មន្ទីរសុខាភិបាលខេត្តត្រូវយកចិត្តទុកដាក់ ផ្គត់ផ្គង់ឱសថសម្ភារបរិក្ខា ទាក់ទងនិងជម្ងឺគ្រុនចាញ់នេះកុំឲ្យដាច់។ មន្ទីរសុខាភិបាលត្រូវធ្វើការផ្សព្វផ្សាយបន្ត ទាក់ទងនិងជម្ងឺគ្រុនចាញ់ និងជម្ងឺគ្រុនឈាម ធ្វើយ៉ាងណាឲ្យពួកគាត់ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាត ដូចជាសំបកកំប៉ុង សំបកកង់ឡាននិងអ្វីដែលទាក់ទងនិងសំបុកមុសត្រូវសំអាតអោយបានស្អាត។

ជាមួយក្នានោះលោកស្រីអភិបាលរងខេត្ត ក៏បានធ្វើការសំណូមពរដល់លោកអភិបាលក្រុងស្រុក ត្រូវធ្វើការផ្សព្វផ្សាយតាមមូលដ្ឋាន តាមរយៈកិច្ចប្រជុំរបស់ក្រុង ស្រុកដែលមានសមាសភាពឃុំ ភូមិចូលរួមត្រូវផ្សព្វផ្សាយបន្ត ដើម្បីឲ្យសហគមរបស់យើងបានទទួលនូវសេវាសុខភាពល្អ ទាល់តែរដ្ឋបាលយើងពីថ្នាក់លើដល់ថ្នាក់ក្រោមត្រូវតែផ្សព្វផ្សាយ ហើយផ្សព្វផ្សាយទៀតងោយគាត់យល់ដឹងពីបញ្ហាការពារបរិស្ថានជុំវិញទាក់ទងនិងជំរកមុស ដែលបណ្តាលអោយកើតជម្ងឺគ្រុនចាញ់គ្រុនឈាមដែលយើងមិនបានដឹងជាមុន។

ហើយបើមានជម្ងឺគ្រុនចាញ់ ឫគ្រុនក្តៅត្រូវនាំកូនចៅគាត់មកមណ្ឌុលសុខភាព កុំឲ្យព្យាបាលពេទ្យឯកជនតាមភូមិដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ ដែលបើកគ្មានច្បាប់ទម្លាប់ ដោយគ្រាន់តែចេះថ្នាំ ចាក់ដោតនោះឲ្យសោះ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានលើកឡើងថា បញ្ហាជម្ងឺគ្រុនចាញ់យើងត្រូវធ្វើការចាប់អារម្មណ៍ទាំងអស់គ្នា ដើម្បីលុបបំបាត់ឲ្យបានតាមគោលនយោបាយថ្នាក់ជាតិ ដែលបានកំណត់នៅឆ្នាំ២០២៥។

ជាមួយគ្នានេះលោក គួង ឡូ ក៏បានសំដែងនូវការរីករាយផងដែរ ដែលប្រទេសរបស់យើងបានប្តេជ្ញាលុបបំបាត់ជម្ងឺគ្រុនចាញ់ឲ្យអស់នៅឆ្នាំ២០២៥ លោកបន្តថាបើធៀបនិងប្រទេសជិតខាង គឺយើងធ្វើបានលឿនជាងគេ ដូចជាប្រទេសឡាវ ថៃនិងវៀតណាមគឺគេប្តេជ្ញាលុបបំបាត់ជម្ងឺគ្រុនចាញ់នៅឆ្នាំ២០៣០ឯណោះ។

លោក គួង ឡូ បានបន្តទៀតថា ទាក់ទងនិងបញ្ហាជម្ងឺគ្រុនចាញ់ និងវិធីសាស្ត្រដែលយើងត្រូវលុបបំបាត់ជម្ងឺ គឺមន្ទីរសុខាភិបាលខេត្តព្រះវិហារ តែងធ្វើសកម្មភាពនៅគ្រប់ក្រុងស្រុកទាំងអស់ទូទាំងខេត្ត ដូចជា ការចែកមុងគ្រែមុងអង្រឹងជ្រលក់ថ្នាំក៏ដូចជា ការផ្សព្វផ្សាយពីការសម្អាតបរិស្ថានជុំវិញផ្ទះ ក្នុងគោលបំណងបំបាត់សំបុកមុសខ្លាផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា ជម្ងឺគ្រុនចាញ់នៅតែកើតមានឡើងដ៏ដែល ហើយកើតភាគច្រើនទៅលើមនុស្សចាស់។ លោកបន្តថា ផ្អែកតាមរបាយការណ៍បានបង្ហាញថាអ្នកដែលកើតជម្ងឺគ្រុនចាញ់ គឺកើតឡើងឡើងដោយសារការចូលព្រៃ ដូចជាចូលអាឈើ ចូលដងជរ័និងធ្វើស្រែចំការជាដើម ដូច្នេះហើយលោកសូមឲ្យសមាជិកក្រុមការងារពិសេស របស់ខេត្តត្រូវរកវិធីដើម្បីយើងរួមគ្នាលុបបំបាត់ជម្ងឺគ្រុនចាញ់នេះបាមជាស្ថារព៕