(បន្ទាយមានជ័យ)៖ ​កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញមុខជនសង្ស័យមេខ្លោង និងបក្ខពួកជួញដូរគ្រឿងញៀនសរុប៥នាក់ និងគ្រឿងញៀនជាង២គីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាប ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ និងបន្តឈានទៅបង្រ្កាបផ្ទះជួលជនសង្ស័យ ដល់ទឹកដីក្រុងសៀមរាប ដោយរកឃើញគ្រឿងញៀនលាក់ទុកក្នុងបន្ទប់ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

​លោកឧត្តមសេនីយ៍ត្រី ចាប សុប្ញទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើស បានប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង៥នាក់ ជាបក្ខពួក និងជាមេខ្លោងគ្រឿងញៀនធំ បានសម្រេចនៅពេលនេះ ក្រោយពីកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេតរយៈពេល១ខែមកហើយ ប្រើប្រាស់វិធានការសម្ងាត់ តាមរយៈមុខសញ្ញាជនសង្ស័យគ្រឿងញៀន ដែលបានបង្រ្កាបកន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យ។

​លោកស្នងការរង បានប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀងទាំងនេះ ជាមុខសញ្ញាជួញដូរលក់ចែកចាយគ្រឿងញៀនចំនួន ៣ខេត្តគឺខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង។ ការបង្រ្កាបនោះដែរ សមត្ថកិច្ចដកហូតបានគ្រឿងញៀនមេតំហ្វេ​តាមីន wy ៨,៧៦៤គ្រាប់ ស្មើទម្ងន់ ៧៩៩,៩៤ក្រាម, ថ្នាំញៀនតំហ្វេតាមីនទឹកកកទម្ងន់ ១,៩៩៥.០១ក្រាម, ថ្នាំញៀនកេតាមីន៨.៥១ក្រាម ថ្នាំគ្រាប់អ៊ិចស្រា្តស៊ីទម្ងន់២.៩៦ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន៤ អាវុធខ្លី៤ដើម ក្នុងនោះអាវុធខ្យល់១ដើម រថយន្តចំនួន២គ្រឿង។ ​

លោកស្នងការឲ្យដឹងទៀតថា ករណីបង្រ្កាបគ្រឿងញៀនខាងលើ កម្លាំងនគរបាលបានបន្តស្រាវជ្រាវដើម្បីតាមស្វែងរកចាប់ខ្លួន ជនសង្ស័យពាក់ព័ន្ធមួយចំនួនទៀត។

​លោក មាស ច័ន្ទពិសិដ្ឋ បានប្រាប់ឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបាន ប្តេជ្ញាខ្ពស់ជាមួយនឹងសមត្ថកិច្ចពាក់ដើម្បីបង្រ្កាបគ្រឿងញៀឱ្យមានប្រសិទ្ធភាព កាត់បន្ថយ និងលប់បំបាត់គ្រឿងញៀនក្នុងទឹកដីខេត្តបន្ទាយមានជ័យ។

​លោកបានបញ្ជាក់ឱ្យដឹងទៀតថា គ្រឿងញៀនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមខ្មែរ ជាពិសេស អ្នកប្រើប្រាស់គ្រឿងញៀនអាចទៅធ្វើសកម្មភាព ប្រព្រឹត្តបទល្មើស លួច ឆក់ប្លន់ អំពើហឹង្សា បង្កឱ្យប៉ះពាល់សន្តិសុខសង្គម។

​ជនសង្ស័យគ្រឿងញៀន និងវត្ថុតាងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕