(ភ្នំពេញ)៖ ​ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេ ម៉ាស្សា-កោសជប់ ស្ថិតនៅ​សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោមការសម្របសម្រួលពី​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្នុងប្រតិបត្តិការនេះបានត្រួតពិនិត្យ ជនបរទេសចំនួន​១៩នាក់ ស្រី​១០នាក់ មាន០២សញ្ជាតិ​គឺជនជាតិវៀតណាមចំនួន​១៨នាក់ ស្រី​១០នាក់ និងបុរសជនជាតិចិនម្នាក់ ក្នុងនោះមានលិខិតឆ្លងដែនវៀតណាម ចំនួន​០៥ក្បាល​, ឯកសារអន្តោប្រវេសន្តចំនួន​០៦សន្លឹក​។

ក្នុងនោះចំពោះជនបរទេសចំនួន​០៨នាក់ ស្រី​០៥នាក់ (​វៀតណាម និងចិន) លួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារ​មិនប្រក្រតី។ ប៉ុន្ដែ​បុរសជនជាតិចិនម្នាក់នេះ គឺជាជនសង្ស័យតែងតែធ្វើសកម្មភាពតាមឃ្លាំមើលរថយន្តរបស់នាយកដ្ឋាន​ ន៧ ជាប្រចាំ និងគ្មានលិខិតឆ្លងដែនជាប់ខ្លួន។​

ក្រោយឃាត់ខ្លួនក្រុមប្រតិបត្តិការចម្រុះបាននាំខ្លួនជនបរទេសចំនួន​០៨នាក់ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕