(ភ្នំពេញ)៖ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ លោក គង់ វុទ្ធី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារសង្កាត់អូឬស្សី ២ និងហាងលក់ទំនិញមួយចំនួនក្នងខណ្ឌ ៧មករា ចុះត្រួតពិនិត្យទំនិញនិងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយលើទីផ្សារ នៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៨នេះ។

ក្នុងប្រតិបត្តិការនេះលោក គង់ វុទ្ធី បានឲ្យដឹងថា មន្ត្រីជំនាញរបស់លោកបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ ទៅលើទំនិញ ដូចជា៖ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ជាលទ្ឋផលពុំឃើញមានសារធាតុគីមីហាមឃាត់ទេ ហើយក្រោយពីការត្រួតពិនិត្យក្រុមការងារ ក៏បានយកគំរូបន្លែមួយចំនួន បញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកនៅសារធាតុគីមីហាមឃាត់ផ្សេងទៀត។

លោកក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។

លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោក​ គង់​ វុទ្ធី​ បន្តថា សកម្មភាពទាំងនេះធ្វើឡើងតាមបទបញ្ជា ប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុង​ត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះ គឺបានធ្វើឡើងដូចភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕