(ពោធិ៍សាត់)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព អ្នកប្រើតាមរយៈចំណីអាហារ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះពិនិត្យទំនិញម្ហូបអាហារ និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅផ្សារតាលោ ឃុំតាលោ ស្រុកបាកាន និងតាមបណ្តាម៉ាតនៅក្រុងពោធិ៍សាត់ ដើម្បីតាមដានរកផលិតផលមួយចំនួន ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងហាមឃាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ នៅផ្សារតាលោខាងលើ ក្រុមការងារបានរកឃើញទំនិញ០៨មុខ ខូចគុណភាព និងហួសកាលបរិច្ឆេទ ដោយសរុប៥២៨គីឡូក្រាម បានធ្វើកំណត់ហេតុដកហូតយកទៅដុតកម្ទេចចោល នៅនឹងកន្លែងតែម្តង។

ក្នុងឱកាសនោះដែរ មន្ដ្រីជំនាញក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

ជាមួយគ្នានោះ លោក តូច ចៅកុយ ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕