(រតនគិរី)៖ ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ តំណាងនាយឧត្តសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញប្រកាស​ផ្ទេរភារកិច្ច តែងតាំងមុខតំណែងស្នងការរង០១នាក់, នាយការិយាល័យ០១នាក់, នាយរងការិយាល័យ០១នាក់ និងអធិការនគរបាលស្រុក០៣នាក់ និងតំឡើងឋានន្តរស័ក្តិចាប់ពីវរសេនីយ៍ឯក ដល់ព្រិន្ទបាលទោចំនួន១០៣នាក់ នៃស្នងការនគរបាលខេត្តរតនគិរី។

ពិធីខាងលើនេះ ក៏មានការចូលរួមពីសំណាក់​លោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្តរតនគិរីលោក-លោកស្រីស្នងការរង អនុប្រធានផែនជំនាញ នាយការិយាល័យ ចំណុះស្នងការដ្ឋាន អធិការស្រុក នៅច្រើនកុះករផងដែរ។

លោកឧត្តសេនីយ៍ ងួន គឿន បានលើកឡើងថា លោកវរសេនីយ៍ឯក សេង គឿន អនុប្រធានការិយាល័យបុគ្គលិករាជធានី-ខេត្ត នៃនាយកដ្ឋានបុគ្គលិកបានអានសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ តែងតាំងលោកវរសេនីយ៍ឯក ម៉ៅ សាន់ ជាស្នងការរង, លោកវរសេនីយ៍ទោ សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ, លោកវរសេនីយ៍ទោ ហេង ណារ៉ាក់ អធិការនគរបាលស្រុកលំផាត់, លោកវរសេនីយ៍ទោ សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាន, នាយការិយល័យ០១នាក់, នាយរងការិយាល័យ០១នាក់ និងតំឡើងឋានន្តរស័ក្តិចាប់ពីវរសេនីយ៍ឯក ដល់ព្រិន្ទបាលទោ ចំនួន១០៣នាក់ នៃស្នងការនគរបាលខេត្តរតនគិរី។

លោកវរសេនីយ៍ឯក ម៉ៅ សាន់ ស្នងការរង (ទទួលតំណែងថ្មី) ជំនួសមុខឱ្យនាយ-នាយរង-ពលនគរបាល ដែលទើបទទួលភារកិច្ច, តែងតាំងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តដូចតទៅ គឺស្មោះត្រង់ជាតិ សាសនា ព្រះមហាក្សត្រ គោរពការដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា, យកអស់កម្លាំងកាយចិត្តបំរើប្រជារាស្ត្រ គោរពប្រណិបត្តិច្បាប់ និងអនុវត្តវិន័យលេខ០០៦ របស់នគរបាលជាតិ។

មានមតិសំណេះសំណាល និងផ្តាំផ្ញើក្នុងអង្គពិធីនេះដែរ លោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នការរងប្រធាននាយកដ្ឋានបុគ្គលិក ចំពោះមន្ត្រីនគរបាលស្នងការខេត្តរតនគិរី ទាំងអស់។

លោកបានថ្លែងថា មានការយឺតយ៉ាវក្នុងការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងកន្លងមកនេះ ដោយសារប្រទេសជាតិជាប់រៀប ចំបោះឆ្នោតអាណត្តិទី០៦។ ដូច្នេះអស់លោក-លោកស្រីដែលបានទទួលភារកិច្ចថ្មី តែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ឱ្យកាន់តែប្រសើរជាងមុន ឱ្យសក្តិសមទៅ និងការជឿទុកចិត្តរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិប្រគល់ជូន។ ហើយមន្ត្រីនគរបាលដែលមិនទាន់ទទួលតំណែង និងឡើងស័ក្តិពេលនេះ សូមឱ្យលោកស្នងការពិនិត្យរួចស្នើសុំទៅថ្នាក់លើ។

ទន្ទឹមនេះដែរលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ បានកោតសរសើរអង្គភាពនគរបាលខេត្តរតនគិរី មានមានកន្លែងធ្វើការល្អ មានរបៀបរៀបរយ, កន្លែងហាត់ប្រដាល់ដើម្បីសុខភាពជាដើម៕