(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានលើកឡើងថា មនុស្សចាស់ គឺជាអ្នកដែលមានគុណបំណាច់ដ៍ធំធេង ក្នុងបុព្វហេតុជួយអភិវឌ្ឍន៍ និងកសាងប្រទេសជាតិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ ហើយលោកក៏បានចាត់ទុកចាស់ព្រឹទ្ធាចារ្យ ជាឪពុក-ម្តាយ របស់រដ្ឋបាលខេត្តព្រះវិហារ ដែលយើងទាំងអស់គ្នា ត្រូវរៀនសូត្រតាម។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោក រួមជាមួយប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពនានា ចូលរួមពិធីអបអរសាទរទិវាសន្តិភាពអន្តរជាតិ លើកទី១៦ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ជាតិ និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សមាគមនមនុស្សចាស់បង្កើនសាមគ្គី ដើម្បីអភិវឌ្ឍសហគមន៍ និងសង្គមជាតិ»។

លោក អ៊ុន ចាន់ដា បានលើកឡើងទៀតថា ហេតុអ្វីបានយើងជួបជុំគ្នាត្រូវប្រារព្ធពិធីនេះ អ្វីដែលយើងប្រារព្ធធ្វើនៅពេលនេះ គឺជាការគោរពដឹងគុណ ដល់គុណូបការះ ដែលចាស់ទុំព្រឹទ្ធាចារ្យយើងបានបន្សល់ទុក ជាការដឹកគុណមួយ ដែលគុណនេះ ជាមហាធំធេង ដែលក្នុងនាមជាអ្នកដឹកនាំ ជាអ្នកបន្តវេន ជំនាន់ក្រោយនេះ គឺដាច់ខាតត្រូវតែធ្វើការរៀនសូត្រ តាមនូវគំរូវីរះភាពនៃការលះបង់ របស់ព្រឹទ្ធាចារ្យយើង នៅក្នុងខេត្តព្រះវិហារ។

លោកបានបន្ដថា ចាស់ព្រឹទ្ធាចារ្យយើង ដែលអង្គុយនៅទីនេះ គឺជីវិតរើសបានពីសង្គ្រាមមកទេ គឺមានព្រឹទ្ធាចារ្យយើងច្រើនណាស់ បានលះបង់អាយុជីវិត នៅក្នុងប្រទេសមានសង្គ្រាម។ យើងជួបជុំគ្នា នៅពេលនេះ គឺក្នុងឱកាសដែលប្រទេស កំពុងមានសុខសន្តិភាព ភាពសំបូរសប្បាយ ជាការជួបជុំមួយក្នុងមហាគ្រួសារ នៃប្រជាជនកម្ពុជា ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពិសេសរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាតែម្តង។

លោកអភិបាលខេត្ត បានបន្តទៀតថា ពីធីនេះ យើងត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺធ្វើយ៉ាងណារក្សា ឲ្យបានប្រពៃណីដ៍ល្អផូរផង់មួយនេះ ក្នុងនាមអ្នកបន្តវេន ជំនាន់ក្រោយគឺជួបជាមួយលោកយាយ-លោកតា បងប្អូនជាការ គោរពប្រតិបត្តិ ជាការតបស្នងសងគុណ តាមលទ្ធភាពដែលយុវជនបន្តវេន អាចធ្វើបានជាមួយ លោកយាយ-លោកតា។ គុណូបការះទាំងឡាយ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ តាមរយៈសកម្មភាព ដោយផ្ទាល់ ដែលលោកយាយ-លោកតាបានធ្វើ ហើយលោកអភិបាលខេត្ត ចាត់ទុកលោកយាយ-លោកតា ជាឪពុក-ម្តាយ របស់រដ្ឋបាលខេត្ត ដែលត្រូវគោរព និងរៀនសូត្រតាម។

ជាមួយគ្នានោះដែរ លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ ក៏បានអានសារលិខិតរបស់សម្តេចតេជា ហ៊ុន សែន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ បានគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ ដល់ជីវភាព និងសុខុមាលភាព របស់មនុស្សចាស់នៅទូទាំងប្រទេស សម្តេចតេជោ បានអំពាវនាវដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខុមាលភាព មនុស្សចាស់ឲ្យបានកាន់តែប្រសើរឡើង។

លើសពីនេះទៀត គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់អង្គការនានា ជួយបង្កលក្ខណៈងាយស្រួល ដល់សមាគមមនុស្សចាស់ សមាគមអតីត មន្ត្រីរាជាការស៊ីវិល និងសមាគម អតីត យុទ្ធជនកម្ពុជា ដែលមានស្រាប់ និងជួយគាំទ្រដល់ការបង្កើតសមាគមចាស់ នៅតាមសហគមន៍មូលដ្ឋាន ឲ្យមានគ្រប់ឃុំ សង្កាត់ ដើម្បីបង្កើនស្មារតី សាមគ្គី ជួយគ្នាទៅវិញទៅមក រវាងមនុស្សចាស់ទូទៅ នៅកម្ពុជា ជាពិសេសមនុស្ស ចាស់ជរា ជនពិការ និងទុរគតជនគ្មានទីពឹង។

ដោយឡែក កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិនានា បន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រ ផ្នែកជំនួយមនុស្សធម៌ ទាំងស្បៀង សម្ភារ ថវិកា និងបច្ចេកទេស សម្រាប់ ផ្តល់សេវាសុខុមាលភាព របស់មនុស្សចាស់ ដែលបាននិងកំពុងជួបប្រទះ ការលំបាកទាំងផ្នែកជីវភាព និងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងសាលាចំណេះ ដឹងទូទៅទាំងអស់ បន្តយកចិត្តទុកដាក់ផ្តល់ការអប់រំសីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងប្រពៃណីទំនៀម ទម្លាប់ល្អៗ ដល់និស្សិត និងសិស្សានុសិស្សគ្រប់រូប ឲ្យចេះគោរពចាស់ព្រឹទ្ធាចារ្យ និងការថែទាំ មនុស្សចាស់ ដែលជាប្រពៃណីដ៏ល្អរបស់យើង។

ជាងនេះទៀត គ្រប់គ្រួសារនៅតាម សហគមន៍នីមួយៗ បន្តពង្រឹងប្រកាន់សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងប្រពៃណីល្អរបស់ខ្មែរយើង ជាពិសេសត្រូវអប់រំកូន និងក្មេងជំនាន់ក្រោយ ឲ្យចេះគោរពដំបូន្មានរបស់មាតា បិតា ជីដូន ជីតា និងចេះគោរពចាស់ព្រឹទ្ធាចារ្យ។

សារលិខិតដដែល ក៏បានគូសបញ្ជាក់ឲ្យជនរួមជាតិ ទាំងអស់រួមគ្នាជួយបីបាច់ថែរក្សា មនុស្សចាស់ជរា ជនពិការ ទុរគតជន និងជនគ្មានទីពឹង ឲ្យមានកន្លែងស្នាក់នៅបានសមរម្យ តាមសហគមន៍នីមួយៗ ដោយកសាង ជាមណ្ឌលមនុស្សចាស់ ជាពិសេសនៅតាមទីវត្តអារាម និងវិហារសាសនា ដែលអាចជួយផ្តល់ជាទីជម្រក ឬអាហារទៅតាមលទ្ធភាពជាក់ស្តែង។

ម៉្យាងទៀត គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ទីភ្នាក់ងារព័ត៌មាន ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីស្នាដៃ និងសមិទ្ធផលនានា ដែលមនុស្សចាស់ បានបន្សល់ទុក សម្រាប់មនុស្សជំនាន់ ក្រោយ ក៏ដូចជាសង្គមជាតិទាំងមូល និងផ្សព្វផ្សាយសកម្មភាពនានា ដែលបង្ហាញអំពីការយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាព មនុស្សចាស់នៅក្នុងសង្គមកម្ពុជាយើង។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោលនយោបាយ ស្តីពី សុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធ ត្រៀមចូលនិវត្តន៍ តាមរយៈការផ្តល់ដីសម្បទាន សង្គមកិច្ច និងបាន និងកំពុងរៀបចំ សេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម សម្រាប់ប្រជាពលរដ្ឋនៃកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយ សម្រាប់មនុស្សចាស់ និងគម្រោងកម្មវិធីគាំទ្រផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខុមាលភាព មនុស្សចាស់នៅទូទាំងប្រទេស៕