(កំពង់ធំ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះពិនិត្យផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារកំពង់ឈើទាល ភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានឲ្យដឹងថា ការចុះពិនិត្យរកទំនិញខូចគុណភាព នៅក្នុងផ្សារឈើទាលនេះ មន្ដ្រីជំនាញ បានត្រូតពិនិត្យទៅលើផលិតផលវេចខ្ចប់ ដូចជា៖ ភេសជ្ជៈគ្រប់ប្រភេទ ទឹកដោះ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសៀង ទឹកម្ទេស នំ និងផលិតផលផេ្សងៗទៀត តែរកមិនឃើញផលិតផលណាមួយហួសកាលបរិច្ឆេទឡើយ។

ក្នុងឱកាសនោះដែរ មន្ដ្រីជំនាញក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ការរកមិនឃើញផលិតផល ខូចគុណភាព នៅផ្សារឈើទាលខាងលើនេះ គឺបានន័យថា អាជីវករលោកមានការយល់ដឹងកាន់ ច្បាស់ អំពីផលិតផលខូចគុណភាព និងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកប្រធានសាខា បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕