(ភ្នំពេញ)៖ ដើម្បីគាំទ្រដល់គម្រោងថ្នាក់ជាតិ ក្នុងការជួយធ្វើឲ្យប្រទេសកម្ពុជា កាន់តែស្អាត មានអនាម័យជាងមុន និងគ្មានសំរាម បុគ្គលិកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅកាត់ថា «ណាហ្គាវើលដ៍បេះដូងសប្បុរស» ជាង១៣០នាក់ បានចូលរួមក្នុងទិវាសម្អាតពិភពលោក កាលពីថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

កម្មវិធីនេះ ត្រូវបានរៀបចំដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ «តោះ! ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា!» ដែលមានការសហការពីអង្គការ GoGreen Cambodia ។ ទិវាសម្អាតពិភពលោក បានក្លាយជាចលនាដ៏ធំ បំផុតរបស់ប្រជាជន ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាសំរាម ដែលមានអ្នកស័្មគ្រចិត្តប្រមាណ១៣លាននាក់ មកពី១៥៥ប្រទេសទូទាំងពិភពលោក បានចូលរួមដើរប្រមូលសំរាម។

យោងតាមអង្គការ GoGreen Cambodia មានសំរាមប្រមាណ ២,១២ ពាន់លានតោន ត្រូវបានចាក់ចោលដោយគ្មានការ គ្រប់គ្រងច្បាស់លាស់នៅក្នុងសកលលោកជារៀងរាល់ឆ្នាំ។ ដោយឡែក ប្រទេសកម្ពុជា មានសំរាមប្រមាណ ១,៤២ លានតោនកាលពីឆ្នាំមុន ដោយក្នុងនោះ ទីក្រុងភ្នំពេញមានសំរាមរហូតដល់ ២,៧០០តោន ជារៀងរាល់ថ្ងៃ ខណៈការចោលសំរាម គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ នៅក្នុងប្រទេស។

បន្ទាប់ពីពិធីបើកទិវាសម្អាតពិភពលោក នៅក្រសួងបរិស្ថានកាលពីព្រឹកថ្ងៃសៅរ៍ បុគ្គលិកស្ម័គ្រចិត្ត នៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ជាមួយអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ បានរួមគ្នាដើរប្រមូលសំរាម នៅតាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញ ហើយសិស្ស-និស្សិត និងប្រជាជនមកពី១,៦៤៦ ឃុំ/សង្កាត់ទូទាំង ២៥ រាជធានី-ខេត្ត ក៏បានរួមគ្នាប្រមូលសំរាម ទូទាំងប្រទេសផងដែរ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានថ្លែងថា «ការចូលរួមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស នៅក្នុងយុទ្ធនាការសកលនេះ គឺដើម្បីជួយលើកកម្ពស់ការយល់ដឹង ដល់ប្រជាជនស្តីអំពីបរិស្ថាន និងអប់រំពួកគេ ឲ្យចេះស្រឡាញ់បរិស្ថានសម្រាប់អនាគតរបស់ប្រទេសកម្ពុជាទាំងមូល។ យើងត្រូវរួមគ្នាគ្រប់គ្រងសំរាម និងការពារបរិស្ថានដើម្បីពិភពលោកកាន់តែបៃតង និងស្អាតជាងមុន!»

បុគ្គលិកស្ម័គ្រចិត្ត ណាហ្គាវើលដ៍បេះដូងសប្បុរស ដើរប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ

រួមគ្នាធ្វើឲ្យពិភពលោក កាន់តែស្អាត និងបៃតងជាងមុន!

អរគុណដល់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានឧបត្ថម្ភគាំទ្រ ដល់ទិវាសម្អាតពិភពលោក ឆ្នាំ២០១៨